Cctime 6monthsfree desktop
Cc times  web banner kh (2)

អង្គប្រជុំនៃកិច្ចប្រជុំAFMGMលើកទី១០វាយតម្លៃខ្ពស់ពីការរក្សាបានសក្តានុពលរបស់អាស៊ាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ហ្សាកាតា៖ ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ អង្គប្រជុំបានវាយតម្លៃខ្ពស់ពីការរក្សាបានសក្តានុពលរបស់អាស៊ាន ដោយរំពឹងសម្រេចបានកំណើនល្អប្រសើរក្នុងឆ្នាំ២០២៣នេះ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកមានល្បឿនយឺតក៏ដោយ ដោយសារតែតម្រូវការក្នុងតំបន់នៅតែមានកំណើនខ្ពស់ គួបផ្សំនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំលើកទី២ ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយឥណ្ឌូណេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៣នេះ មានគោលបំណងពិនិត្យមើលនិងតាមដានវឌ្ឍនភាពនៃការអនុវត្តការងារអាទិភាពនៃយុទ្ធសាស្រ្តជំរុញរបស់អាស៊ានឆ្នាំ២០២៣ ពិភាក្សានិងដាក់ចេញនូវសេចក្តីណែនាំនិងអនុសាសន៍បន្ថែម ដើម្បីតម្រង់ទិសនិងសម្រេចបានផែនការអាទិភាពឱ្យទាន់ពេលវេលា និងកំណត់យុទ្ធសាស្រ្តជំរុញនិងការងារអាទិភាពសម្រាប់ឆ្នាំបន្ទាប់ (ឆ្នាំ២០២៤) ដែលប្រទេសឡាវនឹងធ្វើជាប្រធានប្តូរវេនអាស៊ាន។

ស្របតាមមូលបទអាស៊ានឆ្នាំ២០២៣ ស្តីពី អាស៊ានជាស្នូលនៃកំណើន អង្គប្រជុំបានវាយតម្លៃខ្ពស់ពីការរក្សាបានសក្តានុពលរបស់អាស៊ាន ដោយរំពឹងសម្រេចបានកំណើនល្អប្រសើរក្នុងឆ្នាំ២០២៣នេះ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកមានល្បឿនយឺតក៏ដោយ ដោយសារតែតម្រូវការក្នុងតំបន់នៅតែមានកំណើនខ្ពស់ គួបផ្សំនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះយ៉ាងណា អត្រាអតិផរណាបន្តមានកម្រិតខ្ពស់សម្រាប់ប្រទេសមាជិកមួយចំនួន ដោយសារកំណើននៃតម្រូវការសេវាកម្ម សម្ពាធលើរូបិយវត្ថុក្នុងស្រុក និងថ្លៃដើមផលិតកម្មនៅតែមានកម្រិតខ្ពស់។

ក្នុងស្ថានភាពនេះ ការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចចម្រុះរបស់បណ្តាប្រទេសមាជិក នឹងជួយរក្សាបានស្ថិរភាពសេដ្ឋកិច្ច។ អង្គប្រជុំក៏បានពិភាក្សាលើការពង្រឹងមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ានដែលជាមធ្យោបាយហិរញ្ញវត្ថុដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន ការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់ការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតងនិងហិរញ្ញប្បទានប្រកបដោយចីរភាព និងផែនទីបង្ហាញផ្លូវសម្រាប់សមាហរណកម្មហិរញ្ញវត្ថុនិងរូបិយវត្ថុអាស៊ាន ក៏ដូចជាគំនិតផ្តួចផ្តើមផ្សេងទៀត ដើម្បីសម្រេចគោលដៅសមាហរណកម្មសេដ្ឋកិច្ចសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។

ទន្ទឹមនេះ អង្គប្រជុំបានពិភាក្សាលើកិច្ចសហប្រតិបត្តិការឆ្លងវិស័យ ដែលជាគំនិតផ្តួចផ្តើមថ្មី ដើម្បីពង្រឹងសុខុមាលភាព ភាពធន់ និងបរិយាបន្នក្នុងតំបន់ ដែលរួមមាន៖ i/-កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុនិងសុខភាព ii/-សន្តិសុខស្បៀងតំបន់ iii/-ប្រតិបត្តិការរូបិយវត្ថុជាតិ និង iv/-ការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដោយអង្គប្រជុំបានប្តេជ្ញារក្សាស្ថិរភាពហិរញ្ញវត្ថុនិងលើកកម្ពស់សមាហរណកម្មហិរញ្ញវត្ថុស៊ីជម្រៅក្នុងតំបន់។

លើសពីនេះ ដើម្បីជាមូលដ្ឋានក្នុងការកំណត់នូវយុទ្ធសាស្រ្តជំរុញនិងការងារអាទិភាពសម្រាប់ឆ្នាំ២០២៤ ឱ្យស្របតាមស្ថានភាពវិវត្តន៍ជាក់ស្តែងនៃពិភពលោក កិច្ចប្រជុំក៏បានពិភាក្សាអំពី ស្ថានភាពសេដ្ឋកិច្ច ហានិភ័យ និងបញ្ហាដែលពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ន ដែលរួមមាន ការថមថយនៃសេដ្ឋកិច្ចពិភពលោក ការបន្តអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែនដែលដាក់សម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសពាណិជ្ជកម្ម-បច្ចេកវិទ្យារវាងសហរដ្ឋអាមេរិកនិងចិន និងការប្រែប្រួលអាកាសធាតុ ជាដើម ដែលបានជះឥទ្ធិពលអវិជ្ជមានដល់កំណើននិងសុខមាលភាពសេដ្ឋកិច្ច-សង្គមពិភពលោកទាំងមូល។

គួរបញ្ជាក់ថា កិច្ចប្រជុំ AFMGM លើកទី១១ គ្រោងនឹងរៀបចំឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង