Cctime 6monthsfree desktop
Cc times  web banner kh (2)

ការចុះបញ្ជីស្នើសុំគម្រោងវិនិយោគនៅកម្ពុជានៅតែមានកំណើនល្អប្រសើរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ ការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាថ្នាលចុះបញ្ជីបច្ចេកវិទ្យានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម សង្កេតឃើញថា កំណើននៃការចុះបញ្ជីដើម្បីស្នើសុំគម្រោងវិនិយោគលើវិស័យផ្សេងៗទាំងក្នុងស្រុក និងពីបរទេសនៅតែមានកំណើនល្អប្រសើរ បើទោះជាទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះថយចុះ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ក៏ដោយ។ នេះជាការបញ្ជាក់របស់ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។

ឧកញ៉ា លឹម ហេង បានលើកឡើងថា ចំពោះការធ្វើពាណិជ្ជកម្មនាំចេញនាំចូលរបស់កម្ពុជាជាមួយបណ្តាប្រទេសមួយចំនួនមានការថយចុះក្តី ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសមួយចំនួនទៀតមានការកើនឡើង ជាពិសេសគឺប្រទេសចិន ដែលបច្ចុប្បន្ននេះកម្ពុជា-ចិន កំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏ដូចជាអាសិបផងនោះ កំណើនអ្នកមកវិនិយោគនៅកម្ពុជាភាគច្រើនគឺមកពីចិន និងបណ្ដាប្រទេសផ្សេងៗទៀត ដូច្នេះកំណើននៃការនាំចេញទៅចិននៅតែមានសភាពល្អប្រសើរជាលំដាប់។

អនុប្រធានសភាពាណិជ្ជកម្មរូបនេះបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ វិស័យកម្មន្តសាលមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រទេសដែលនាំមុខគេលើការវិនិយោគនៅកម្ពុជាគឺប្រទេសចិន បន្ទាប់មកគឺវិនិយោគិនក្នុងស្រុក ក្រៅពីនេះក៏មានជប៉ុន កូរ៉េ ថៃ សិង្ហបុរីជាដើម។ ការវិនិយោគនៅកម្ពុជាគឺបានកើនឡើងស្ទើរគ្រប់វិស័យរួចទៅហើយ ជាមួយគ្នានេះវិស័យកម្មន្តសាល គឺមានកំណើនគួរឱ្យកត់សម្គាល់ដូចជាការដំឡើងរថយន្ត គ្រឿងបង្គុំអគ្គិសនី រោងចក្រឧស្សាហកម្មកែច្នៃផលិតផលកសិកម្មផ្សេងៗដូចជាកៅស៊ូកង់ឡានជាដើម។

អនុប្រធានសភាពាណិជ្ជកម្មរូបនេះបន្តថា កត្តាដែលធ្វើឱ្យមានកំណើនវិនិយោគរួមមាន៖ កត្តាស្ថិរភាព សុវត្ថិភាពនយោបាយ និងកំណើនសេដ្ឋកិច្ច និងការដាក់ឱ្យអនុវត្តច្បាប់វិនិយោគថ្មី, កត្តាទី២គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាសិប EBA និងផ្សេងៗទៀតដែលកាន់តែទាំក់វិនិយោគបរទេសបន្ថែមទៀត។

គួរបញ្ជាក់ថា បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង