
ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំចរចាកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)ម្តងទៀត បន្ទាប់ពីភាគីទាំងពីរបានធ្វើការចរចាជុំទី២ កាលពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ជាលទ្ធផលបានដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងនេះស្ទើរតែទាំងស្រុង ដែលក្នុងចំណោមមាត្រាសរុបចំនួន ៣១ នៃ DTA ភាគីទាំងពីរ បានឯកភាពគ្នា ចំនួន ៣០ មាត្រា ហើយវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈកំណើនទេសចរ និងវិនិយោគិន បន្ទាប់ពីកិច្ចប្រជុំចរចានេះនឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
បើតាមសេចក្ដីប្រកាស អគ្គនាយកដ្ឋានពន្ធដារបានបន្តកិច្ចប្រជុំចរចាកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ខណៈភាគីទាំងពីរធ្លាប់បានធ្វើការចរចា ជុំទី២ កាលពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
កិច្ចប្រជុំចរចាបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយភាពយោគយល់គ្នខ្ពស់ ដែលភាគីទាំងពីរបានពិភាក្សាលម្អិតលើគ្រប់មាត្រាទាំងអស់ ដែលនៅសេសសល់ពីការចរចាជុំទី២ ហើយជាលទ្ធផលបានដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងនេះស្ទើរតែទាំងស្រុង ដែលក្នុងចំណោមមាត្រាសរុបចំនួន ៣១ នៃ DTA ភាគីទាំងពីរ បានឯកភាពគ្នា ចំនួន ៣០ មាត្រា។ ដោយឡែកសម្រាប់មាត្រាមួយដែលនៅសល់ ភាគីទាំងពីរនឹងបន្តពិភាក្សា និងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់។
DTA រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទាក់ទាញវិនិយោគិនពីអេមីរ៉ាតអារ៉ាប់រួមជាឧបករណ៍គាំទ្រដល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE Comprehensive Economic Partnership Agreement-CEPA) និងជាចលករដ៏សំខាន់មួយជំរុញកំណើនក្នុងវិស័យអាកាសចរអន្តរជាតិរវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ភាគីទាំងពីរបានចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ កាលពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ៕


