Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គណៈប្រតិភូថៃមកកម្ពុជាដើម្បីស្វែងយល់ឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

ព្រះសីហនុ៖ គណៈប្រតិភូថៃ ដឹកនាំដោយលោក Voratat Tantimongkolsuk អគ្គនាយកក្រុមប្រឹក្សាពាណិជ្ជកម្មថៃ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានមកកម្ពុជា និងបានពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោយសង្កេតឃើងខេត្តព្រះសីហនុមានការរីកចម្រើន និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ នេះបើតាមរដ្ឋាបាលខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូថៃ ដែលមានបំណងបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត ជាការសបញ្ជាក់ពីទំនុកចិត្តចំពោះស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក។

លោកអភិបាលរងបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុមានទិសដៅជំរុញការធ្វើពិពិធកម្មវិនិយោគនៅក្នុងខេត្ត។ ការជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅនៃការវិនិយោគពិតជាត្រឹមត្រូវ និងសមស្រប ដោយខេត្តព្រះសីហនុជាខេត្តជាប់មាត់សមុទ្រ មានឆ្នេរសមុទ្រ មានកោះដ៏ស្រស់ស្អាត មានធនធានធម្មជាតិក្រោមសមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រាប់ទាំងកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ដែលបាននឹងកំពុងនាំភ្ញៀវមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ជាមួយគ្នានឹងការជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ យើងសង្កេតឃើញថាមានការកើនឡើងនូវតម្រូវការ បន្ទប់ស្នាក់នៅយ៉ាងខ្លាំង ពោលគឺសណ្ឋាគារប្រណីតមួយចំនួនមានភ្ញៀវកក់ពេញ ជាពិសេសនាថ្ងៃចុងសប្តាហ៍ ដែលនេះជានិន្នាការងើបឡើងវិញនៃលំហូរទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក Audstti Sroithong បានលើកឡើងថា ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន មានរបៀបរៀបរយគួរឱ្យកោតសរសើរ ហើយគោលបំណងនៃការដឹកនាំគណៈប្រតិភូមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺការផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មថៃ ជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងការចាប់យកឱកាសវិនិយោគ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបង្ហាញអំពីបំណងក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជា ពិពរណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ និងការរត់ម៉ារ៉ាតុងនៅខេត្តព្រះសីហនុជាដើមផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង