Cctimesw1140xh150cm copy

World Vision Cambodia ប្រកាសពីការបញ្ចប់កម្មវិធីតំបន់របស់ខ្លួននៅស្រុកសំរោងដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តតាកែវ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ប្រកាសពីការបញ្ចប់កម្មវិធីតំបន់របស់ខ្លួននៅស្រុកសំរោងដោយជោគជ័យ។ អង្គការទស្សនៈពិភពលោក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងស្រុកសំរោង បានរួមគ្នាប្រារព្ធពិធីអបអរសាទរសមិទ្ធផលនៃបេសកកម្មរយៈពេល ១៥ ឆ្នាំ ដែលពាំនាំនូវការផ្លាស់ប្រែរបស់កុមារ និងសហគមន៍ងាយរងគ្រោះ។ កម្មវិធីនេះ ប្រព្រឹត្តិទៅនៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៣ នេះនៅសាលាបឋមសិក្សាដំរីយកទឹក។

នៅខែតុលា ឆ្នាំ២០០៧ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានចាប់ផ្តើមការងារ និងអនុវត្តកម្មវិធីតំបន់ស្រុកសំរោង ខេត្តតាកែវ នៅភូមិចំនួន៣២ នៃឃុំចំនួន ២ (ស្លា និងជំរះពេន)។ កម្មវិធីតំបន់សំរោង បានផ្តល់ផលដល់ប្រជាជនចំនួន ២៦ ១៨៤ នាក់ (ស្រ្តីចំនួន ៨ ៩៣៤ នាក់) និងកុមារចនួន ៤ ៣១៤ នាក់ (កុមារីចំនួន ៤ ២០១ នាក់)។

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ និងគ្រួសារ ដែលប្រឈមនឹងទុក្ខលំបាក បង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហាប្រឈម និងជំរុញការពង្រឹងអំណាចសហគមន៍។ កម្មវិធីក៏បានជះផលដល់ប្រជាពលរដ្ឋជាច្រើន តាមរយៈការបន្សល់ទុកនូវមរតកដ៏យូរអង្វែងនៃការផ្លាស់ប្តូរជាវិជ្ជមាន។

លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានមានប្រសាសន៍ថា តាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវសុខភាព អាហារូបត្ថម្ភ ការអប់រំ សន្តិសុខស្បៀង និងកិច្ចការពារកុមារ និងយុវជន ជាពិសេស នៅក្នុងតំបន់គោលដៅក្នុងស្រុកសំរោង។

លោកអភិបាលស្រុក បានថ្លែងអំណរគុណអង្គការទស្សនៈពិភពលោក ដែលបានគាំទ្រ បណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់ប្រជាជន ជាពិសេសក្រុមគ្រួសារងាយរងគ្រោះដើម្បីឱ្យពួកគេចាកចេញពីភាពក្រីក្រ។ លោក បានបន្ថែមថា អង្គការទស្សនៈពិភពលោក ក៏បានធ្វើឱ្យគ្រួសារមានប្រាក់ចំណូលទាប មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន មានអាហារបរិភោគគ្រប់គ្រាន់ និងកាត់បន្ថយការធ្វើចំណាកស្រុក។

លោកស្រី ហ៊ន សុខុម ជាសមាជិកក្រុមប្រឹក្សាឃុំជំរះពេន និងជាសមាជិកគណៈកម្មាធិការទទួលបន្ទុកផ្នែកកិច្ចការនារី និងកុមារ (គ.ក.នក) បានមានប្រសាសន៍ថា៖ « បច្ចុប្បន្ននេះ អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារក្នុងរូបភាពផ្សេងៗ នៅក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយ»។ លោកស្រី បានចាត់ទុកការផ្លាស់ប្តូរនេះ គឺ ដោយសារតែមានកម្មវិធី និងគំនិតផ្តួចផ្តើមជាច្រើនដែលអនុវត្តដោយមន្ត្រីរដ្ឋាភិបាលក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោក ជាពិសេសអ្នកស្ម័គ្រចិត្ត។

លោកស្រី បានបន្ថែមថា «ចាប់តាំងពីឆ្នាំដើមឆ្នាំ២០២៣ មកទល់ពេលនេះ ឃុំ មិនទាន់ទទួលបានពាក្យបណ្តឹងអំពីករណីអំពើហិង្សាណាមួយកើតឡើងនោះទេ។ មិនមានពាក្យបណ្តឹងព្រោះ តាមរយៈការសហការជាមួយអ្នកស្ម័គ្រចិត្តភូមិក្នុងការផ្សព្វផ្សាយអប់រំ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីទម្រង់ និងផលវិបាកនៃអំពើហិង្សា និងយន្តការឆ្លើយតប ជាដើម»។

ភូមិព្រៃនាងពួន ឃុំជំរះពេន ជាភូមិដំបូងបង្អស់នៅស្រុកសំរោង ដែលត្រូវបានក្លាយជាភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) នៅក្នុងឆ្នាំ២០១១។

លោក ឃិន ឃីម មេភូមិព្រៃនាងពួន និងជាប្រធានជនបង្គោលនៃសហគមន៍ដឹកនាំអនាម័យ បានរំឭកថា កាលពីមុនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ពុំមានបង្គន់អនាម័យនៅតាមខ្នងផ្ទះ និងពុំសូវខ្វល់ខ្វាយពីអនាម័យខ្លួនប្រាណនោះឡើយ។ ក៏ប៉ុន្តែលោកថាប្រជាពលរដ្ឋចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅក្រោយមានវត្តមានរបស់អង្គការទស្សនៈពិភពលោកតាមរយៈការអនុវត្តកម្មវិធីនានាជាបន្តបន្ទាប់ ។

លោកមេភូមិ បានមានប្រសាសន៍ថា៖ « ក្នុងមួយភូមិ ១៩៥ គ្រួសារ មានតែ១២ គ្រួសារតែប៉ុណ្ណោះ មានបង្គន់លក្ខណៈគ្រួសារប្រើប្រាស់។ តែឥលូវ ក្នុងមួយភូមិ ១៩៥ គ្រួសារ មានបង្គន់រហូតដល់១៨៧គ្រួសារ។ នេះដោយសារតែការជ្រោមជ្រែងរបស់ជនបង្គោលសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ពីបញ្ហាអនាម័យខ្លួនប្រាណ ហើយក្មេងៗក៏មិនសូវមានជម្ងឺរាគរូស ជម្ងឺដង្កាត់ផ្សេៗ ដែលធ្វើឱ្យពួកគេអាចទៅរៀនសូត្របានទៀងទាត់ជាមុន»។

អង្គការទស្សនៈពិភពលោកក៏បានផ្តួចផ្តើមបង្កើតឱ្យមានសហគមន៍អភិវឌ្ឍកសិកម្មចំនួន ៣ ក្នុងការបង្កើត និងគ្រប់គ្រងស្ថានីយ៍បណ្តាញទឹកស្អាត ចំនួន ៣ សម្រាប់ចែកចាយដល់ប្រជាជនចំនួនជាង ៩៧០ គ្រួសារ រួមទាំងសាលារៀនផងដែរ។

នាយកប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ បានថ្លែងថា៖ «នេះជាមោទកភាព និងជារឿងដែលគួរឱ្យសារទរជាខ្លាំងចំពោះសមិទ្ធិផលនៃកម្មវិធី ១៥ ឆ្នាំ របស់យើង និងភាពជាដៃគូនៅស្រុកសំរោង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដៃគូក្នុងស្រុក ម្ចាស់ជំនួយ បុគ្គលិក និងសហគមន៍ និងអ្នកស្ម័គ្រចិត្តដែលបានបំពេញការងារ ដោយមិនខ្លាចនឿយហត់ជាមួយយើង ដោយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងក្តីសុបិនឱ្យក្លាយជាការពិត»។

បេសកកម្មនៃការផ្លាស់ប្រែជាវិជ្ជមាននៅស្រុកសំរោងនេះ អាចសម្រេចទៅបាន ដោយមានការគាំទ្រ និងជំនួយ ថវិកាពីអង្គការទស្សនៈពិភពលោក ហុងកុង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង