Cctimesw1140xh150cm copy

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជានរណា?

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

គណៈរដ្ឋមន្រ្តីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្បថចូលកាន់តំណែងជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ។

ឯកឧត្តម ហួត ហាក់ ជាសមាសភាពរដ្ឋមន្រ្តីថ្មីមួយរូប ក្នុងចំណោមសមាភាពរដ្ឋមន្រ្តីថ្មីៗជាច្រើនរូបទៀត នៃគណៈរដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាលអណត្តិថ្មី ដែលកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

គិតនៅត្រឹមឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ មានវ័យ៥០ឆ្នាំ។ ឯកឧត្តម បានកើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានលោកឪពុកឈ្មោះ ហួត ឈុន អ្នកម្តាយឈ្មោះ យឹម ហុង និងមានភរិយាឈ្មោះ សុង ធីតា ព្រមទាំងមានកូនប្រុសស្រី ចំនួន ៣នាក់។ លើការសិក្សាអប់រំ ឯកឧត្តម ទទួលបានការអប់រំបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។ ឯកឧត្តម ក៏បានបន្តបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ២០០៥ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston (Preston University) នៅឆ្នាំ២០០៨។ លើសពីនេះទៅទៀត ដោយស្រឡាញ់ការសិក្សា និងការតស៊ូព្យាយាម ឯកឧត្តម ហួត ហាក់ ក៏បានទៅបន្តការសិក្សានៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី សាធារណៈរដ្ឋប្រជាមានិតចិន ជាពិសេស ឯកឧត្តម ក៏មានឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារំាង និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ ពីសាលាជាតិរដ្ឋបាលបារាំង (ENA) ដែលជាសាលាដ៏ល្បីល្បាញមួយរបស់អឺរ៉ុប ក្នុងការបណ្តុះបណ្តាលអ្នកនយោបាយ អ្នករដ្ឋបាល អ្នកសេដ្ឋកិច្ច និងអ្នកការទូតជាន់ខ្ពស់។ ចំពោះភាសាបរទេស ឯកឧត្តម អាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

ទោះធ្លាប់មានបទពិសោធន៍លើការងារជំនាញផ្សេងៗ ជាច្រើនដូចជា សាស្រ្តាចារ្យច្បាប់ និពន្ធនាយកសារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ មុខជំនាញការទូត ឯកឧត្តម ហួត ហាក់ មិនមែនជាឥស្សរជនថ្មីនោះទេ នៅក្នុងវិស័យអធិការកិច្ចនេះ ឯកឧត្តម បានប្រឡូកក្នុងការងារនេះប្រមាណជា ៣០ឆ្នាំមកហើយ ដោយធ្លាប់ចូលបម្រើការតាំងពីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ជាអនុរដ្ឋលេខាធិការរយៈពេល ១០ឆ្នាំ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្គេតស្រាវជ្រាវ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងនេះផងដែរ។

នៅក្នុងអណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវកម្មវិធីនយោបាយនានា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើការកែទម្រង់កាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយជាងមុន ក្នុងន័យចូលរួមថែរក្សាសមិទ្ធិផលចាស់ ដែលអ្នកដឹកនាំរៀមច្បងជំនាន់មុនបានកសាង ហើយអ្នកបន្តវេនជំនាន់ថ្មីនេះក៏រួមគ្នាប្តេជ្ញាបង្កើតសមិទ្ធិផលថ្មីបន្ថែមទៀតផងដែរ។ ក្នុងនាមជារដ្ឋមន្រ្តីកាន់តំណែងថ្មី ឯកឧត្តម ហួត ហាក់ បានប្តេជ្ញាយ៉ាងមុតមាំ ចងចាំជានិច្ចនូវអភិក្រមការងារទាំង៥យ៉ាង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវីរៈបុរសជាតិខ្មែរ ដែលបានដឹកនាំប្រទេសអស់រយៈកាលជាង ៤០ឆ្នាំនោះគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

លើសពីនោះ ឯកឧត្តមរដ្ឋមន្រ្តីអធិការកិច្ចថ្មី ក៏បានរៀបចំនូវការដ្ឋានកំណែទំរង់ជាអាទិភាពមួយចំនួន សំដៅអនុវត្តឱ្យបានជោគជ័យនូវបេសកកម្មចំបងរបស់ក្រសួង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រគល់ជូនដើម្បីធានាបាននូវវប្បធម៌សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិកាវិជ្ជាជីវៈ និងការពង្រឹងវិន័យការងារ ក៏ដូចជាការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យ កម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃអាណត្តិទី៧នេះ។

តាមរយៈចំណេះដឹង ដ៏សម្បូរបែប បទពិសោធន៍ការងារប្រមាណជា៣០ឆ្នាំ រួមជាមួយការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេ ឯកឧត្តម ហួត ហាក់ ពិតជានឹងបន្តរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយរបស់រាជរាដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជាពិសេសក្នុងវិស័យអធិការកិច្ចនេះ តាមរយៈការពង្រឹងសកម្មភាពនានា ដែលរួមមានជាអាទិ៍ការងារតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ការទទួល និងដោះស្រាយពាក្យបណ្តឹង ការការពារទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ការប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ការលើកកំពស់អភិបាលកិច្ចល្អ និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ អាចជាការចំណែកយ៉ាងសំខាន់ជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចិរភាព ធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែស្អាតស្អំ មានគុណភាព ដែលជាការឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង