Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានឹងពង្រឹងវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េលើទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរទៅវិញទៅមក និងប្រទេសទី៣ ខណៈស៊ីមបាវ៉េក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងកសិច្ចពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទូតស៊ីមបាវ៉េប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅម៉ាឡេស៊ី នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ហើយនៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៣លាននាក់រួចទៅហើយ។

លោកជំទាវ ខន់ស្តេន ចេមវ៉ាយី បានលើកឡើងថា កម្ពុជានិងស៊ីមបាវ៉េអាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះផងដែរ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។ ស៊ីមបាវ៉េចង់ជំរុញទេសចរណ៍វប្បធម៌ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញកំណើនទេសចរនៅក្នុងប្រទេសខ្លួនឱ្យកាន់តែច្រើន ក្រោយពេលវិបត្តិកូវីដ១៩។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៍របស់ប្រទេសទាំងពីរ

ក៏ដូចជាបានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគីស៊ីមបាវ៉េបានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាពលេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរអាចនឹងមានការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។

តែយ៉ាងណា ភាគីទាំងពីរនឹងរៀបចំជាអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីជាផែនទីសម្រាប់អនុវត្តផែនការសកម្មភាពជាមួយគ្នា ហើយនឹងជួបពិភាក្សាគ្នាបន្ថែមទៀតក្នុងពេលដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំមហាសន្និបាតនៅប្រទេសអ៊ូបេគីស្ថាន (នៅតំបន់អាស៊ីកណ្ដាល) នៅចុងឆ្នាំ២០២៣ខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង