
ភ្នំពេញ៖ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ ថយចុះ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨%។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មនៅក្នុងពិព័រណ៍កម្ពុជា-ហុងកុង” នៅ Factory Phnom Penh នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
បើតាមក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបាន២៧ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ១៣ពាន់លានដុល្លារ ថយចុះ១,៨% ហើយការនាំចូលវិញមានចំនួន ១៤ពាន់លានដុល្លារ ថយចុះ២៥,៦%។ បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%។
នាឱកាសនេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិន ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដងនិងទទួលបានផលប្រយោជន៍ទាំងសងខាង ហើយចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២(កម្ពុជា-ចិន) ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយកម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣នេះ៕

