
ភ្នំពេញ៖ អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃដែលមានតម្លៃជាង ៦០ លានដុល្លារ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿង បានសាងសង់រួចរាល់ហើយ នឹងគ្រោងបើកឱ្យដំណើរការជាផ្លូវការនៅពេលឆាប់ៗនេះ ក្រោយរាជរដ្ឋាភិបាលអណត្តិទី៧ ប្រកាសរួចរាល់ នៅថ្ងៃទី ២២ ខាងមុខនេះ។អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាសមិទ្ធផលដែលបន្សល់ទុកដោយសម្តេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលគ្រប់គ្រងអស់រយៈពេលជាង៣០ឆ្នាំមក។
ក្រោយសាងសង់រួចរាល់ មន្ត្រីនាយនាយកដ្ឋាននានាក្នុងអគារចាស់បានប្រមូលសម្ភារចូលទៅការិយាល័យថ្មីនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ និងបានរៀបចំពិធី ក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន អគារទីស្តីការថ្មី ក្រោមអធិបតីរបស់ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។
គួររម្លឹកថា អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ មានកម្ពស់ ៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ (មួយរយប្រាំពាន់ប្រាំរយសែសិបប្រាំ) ម៉ែត្រការ៉េ។
ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍ សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សុីសុីថាមស៍ថា បច្ចុប្បន្នអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ផ្លូវការ ហើយបុគ្គលិកនៃក្រសួងទាំងមូលក៏បានប្រមូលសម្ភារចូលទៅធ្វើការនៅការិយាល័យថ្មីបណ្តើរៗផងដែរ។សម្រាប់លោក ខៀវ សុភ័គ ចំពោះថ្ងៃសម្ពោធជាផ្លូវការនៅរង់ចាំរដ្ឋមន្ត្រីអាណត្តិទី៧ជាអ្នកសម្រេច ខណៈថ្ងៃបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនឹងរៀបចំឡើងនៅថ្ងៃទី ២២ សីហាខាងមុខនេះ៕