Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ឥណ្ឌូណេស៊ីឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ១២,៥ម៉ឺនតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ហើយចំពោះតម្លៃ និងលក្ខខណ្ឌផ្សេងទៀតភាគីទាំងពីរ នឹងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ ការឯកភាពនេះត្រូវបានធ្វើឡើងក្រោយកម្ពុជាបានស្នើឱ្យភាគីមិត្តឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការលើការជម្រុញ ការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី និងលើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវជាដើម។

កម្ពុជា និង ឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដែលបានចែករំលែកទៅវិញទៅមកនូវ ប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយ រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបាន ពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។ ការពិភាក្សានេះត្រូវបានធ្វើឡើងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ជាលទ្ធិផលនៃកិច្ចជំនួបទ្វេភាគីរវាងប្រទេសទាំងពីរ ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។

ជាចុងក្រោយ ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង