
ភ្នំពេញ៖ កន្លងមកភ្ញៀវទេសចរចូលមកកម្ពុជាភាគច្រើនគឺបានដើរកម្សាន្តនៅប្រទេសជិតខាងជាមុនសិន ព្រោះយន្តហោះធុនធំដែលដឹកភ្ញៀវទេសចរបរទេសគឺចុះចតនៅអាកាសយានដ្ឋានប្រទេសជិតខាងកម្ពុជា ប៉ុន្តែនាពេលអនាគតប្រទេសកម្ពុជានឹងក្លាយជាគោលដោទេសចរណ៍ដែលមិនពឹងផ្អែកលើការហោះហើរ និងចុះចតពីប្រទេសជិតខាង ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងដាក់ឱ្យដំណើរការនាខែតុលាខាងមុខនេះ។ អាកាសយានដ្ឋាននេះនឹងមានលទ្ធភាពទទួលការហោះហើរត្រង់ពីប្រទេសធំៗបាន ហើយអាចឱ្យប្រភេទយន្តហោះធំៗចូលចតបាន។ នេះជាការលើកឡើងរបស់លោកជំទាវ ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍។
លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ជុំវិញការគ្រោងនឹងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខែតុលាខាងមុខនេះ ក្នុងនាមលោកជំទាវជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាប្រតិបត្តិការទេសចរទាំងអស់មានអារម្មណ៍រំភើប និងត្រេកអរជាមួយផលិតផលថ្មីនេះ ដោយសារវានឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសមកកាន់ខេត្តសៀមរាបដោយផ្ទាល់ ដែលជាខេត្តមួយមានភាពល្បីល្បាញនិងសម្បូរដោយផលិតផលទេសចរណ៍ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិ។
ទន្ទឹមនឹងនេះ សមាជិកនៃទីភ្នាក់ងារទេសចរណ៍បានចូលបម្រើការងារតាមវិជ្ជាជីវៈវិញបានច្រើនហើយ ហើយសមិទ្ធិផលទេសចរណ៍ជាច្រើនដែលសម្រេចបាននាពេលថ្មីៗនេះជាក្តីសង្ឃឹមរបស់ទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់គ្នា ហើយសមាគមនឹងខិតខំបង្កើតនូវកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ជាពិសេសនឹងចូលរួមសកម្មភាពក្នុងការផ្សព្វផ្សាយអាកាសយានដ្ឋានសៀមរាបអង្គរដែលជាផលិតផលទេសចរណ៍ថ្មីនេះទៅកាន់អន្តរជាតិ ជាពិសេសនឹងពង្រឹងសមត្ថភាពរបស់សមាជិកនៃទីភ្នាក់ងារទេសចរណ៍ដើម្បីត្រៀមទទួលទេសចរនាពេលខាងមុន។
លោកជំទាវបញ្ជាក់ថា ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិគឺកាន់តែមានកំណើនជាបន្តបន្ទាប់ ប៉ុន្តែហាក់បីដូចជាមិនទាន់មានសភាពដូចមុនគ្រាកូវីដ-១៩នៅឡើយទេ ប៉ុន្តែនាពេលអនាគតកម្ពុជានឹងអាចមានសមត្ថភាពទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនជាបន្តបន្ទាប់ ព្រោះកម្ពុជាកំពុងកសាងសមិទ្ធិផលទេសចរជាច្រើនបន្តបន្ទាប់ទៀត៕