Cctime 6monthsfree desktop
Cc times  web banner kh (2)

តួកម៉េនីស្ថានចង់ភ្ជាប់ជើងហោះហើរត្រង់មកសៀមរាបមុនគេក្នុងចំណោមប្រទេសអាស៊ីកណ្ដាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ព្រោះខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ជាពិសេសតួកម៉េនីស្ថានចង់ឱ្យភ្ញៀវទេសចរនៅប្រទេសខ្លួន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសពិភាក្សាការងារេរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ក្រៅពីនេះ ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ បានលើកឡើងថា រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម មូហាំម៉េតនីយ៉ះ ក៏បានលើកឡើងជាសំណើរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅប្រទេសកម្ពុជា និងនៅប្រទេសតួកម៉េនីស្ថាន ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍រវាងប្រទេសទាំងពីទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរជាតិ/អន្តរជាតិបន្ថែមទៀត រួមចំណែកសម្រេចបាននូវគោលដៅរួមគ្នាជំរុញរំហូរទេសចរទៅវិញទៅមក។

គួរបញ្ជាក់ថា តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង