Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំពាំងបារាំងមានទីផ្សារខ្ពស់និងតម្លៃថ្លៃ ខណៈការដាំដុះត្រូវចំណាយទុនច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ បច្ចុប្បន្ននេះ បន្លែទំពាំងបារាំងមានទីផ្សារល្អ ងាយស្រួលលក់ និងមានតម្លៃថ្លៃ ក្នុងនោះទំពាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល។ សម្រាប់ការដាំដុះលក្ខណៈអាជីវកម្ម ដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅ និងត្រូវការដើមទុនច្រើនគួរសម្យ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ ហើយអាចបន្តប្រមូលផលបានដល់អាយុ ១៥-២០ឆ្នាំ ប៉ុន្តែត្រូវទុកចន្លោះតែងដើមចាប់ពី ៣-៤ខែម្តង។ បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។

ដីដែលល្អសម្រាប់ការដាំដុះ ត្រូវតែជាដីដែលមិនជាំទឹក វាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ហើយធន់នឹងអាកាសធាតុរាំងស្ងួត ប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ មិនអាចទុកពន្លកទំពាំងឱ្យចាស់បានទេត្រូវដកចេញពីគុម្ព។

សម្រាប់ការដាំដុះលក្ខណៈអាជីវកម្ម ដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅ ព្រោះហេតុថាក្នុងមួយគុម្ពអាចប្រមូលផលបានត្រឹម ១-៥ដើមក្នុងមួយដង ហើយត្រូវចំណាយដើមទុនច្រើនសម្រាប់ការដាំដុះដំបូង។

ក្រសួងបញ្ជាក់ថា បើតាមបទពិសោធន៍ផ្ទាល់របស់កសិករនៅក្នុងខេត្តប៉ៃលិន បងស្រី លឹម សុភាព បានប្រាប់ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឱ្យដឹងថាការចំណាយការដាំដុះទំពាំងបារាំងលើផ្ទៃដី ២ ៤០០ម៉ែតក្រឡា ត្រូវការដើមទុនប្រហែល ៩ ២១០ ០០០រៀល សម្រាប់ការចំណាយលើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈ កម្លាំងពលកម្ម និងជីជាដើម។

កសិករដែលបានដាំដុះបន្លែទំពាំងបារាំង បានអះអាងថាកាលពីមុនដំបូងពេលគេមិនទាន់ស្គាល់រាងពិបាកលក់ តែមកដល់បច្ចុប្បន្នបន្លែទំពាំងមានទីផ្សារល្អ ងាយស្រួលលក់ និងមានតម្លៃថ្លៃ ទំពាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង