
ភ្នំពេញ ៖ បន្ទាប់ពីស្ថានភាពនៃវិបត្តិកូវីដ១៩ បានធូរស្រាលឡើងវិញ ស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏ឃើញថាបានចាប់ផ្ដើមឡើងវិញជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងជំរុញលើកទឹកចិត្តនិងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិដើម្បីដាក់ទុនវិនិយោគនៅកម្ពុជាឡើងវិញ ជាក់ស្ដែងកាលពីថ្ងៃទី ១១ សីហា ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញ ពីបរិយាកាសនិងឱកាសវិនិយោគដលល់បណ្ដាអ្នកឧកញ៉ានិងឧកញ៉ាកម្ពុជាជាច្រើននាក់ ដើម្បីជាទុនក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឡើងវិញ ។
លោកជា វុទ្ធី អគ្គលេខារងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថាទោះបីជាមានវិបត្តិកូវីដ១៩ និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយក៏ដូចជាភាពតានតឹងស្ថានភាពពាណិជ្ជកម្ម រវាងអាមេរិកនិងចិន ក៏លំហូរវិនិយោគបរទេសចូលមកម្ពុជា នៅតែមានភាពល្អប្រសើរ ជាក់ស្ដែងតួលេខដែលបង្ហាញដោយវិទ្យាស្ថានស្រាវជ្រាវអាស៊ានឃើញថាមានជិត៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះដែរ កាលពីឆ្នាំ២០២០ បណ្ដាប្រទេសអាស៊ាន មានការធ្លាក់ចុះនៃលំហូរវិនិយោគពីបរទេស ប៉ុន្តែ កម្ពុជានៅមានស្ថិរភាពនឹងនរល្អក្នុងរង្វង់៣,៦ពាន់លានដុល្លារអាមេរិក ។

លោកបន្តថា សម្រាប់វិនិយោគិនក្នុងស្រុកដែលអ្នកឧកញ៉ា និងឧកញ៉ា ក៏បានជឿជាក់លើរាជរដ្ឋាភិបាលនិងបានបន្តដាក់ទុនវិនិយោគនៅក្នុងប្រទេស និងមិនបានយកលុយដាក់ក្នុងស្រោមខ្នើយដូចកាលពីមុនទៀតឡើយ តែពួកគាត់បានយកលុយបោះទុនវិនិយោគ ធ្វើឱ្យកំណើននៃការវិនិយោគក្នុងស្រុកបានកើនឡើង និងបន្តរីកចម្រើនជាបន្តបន្ទាប់ ។
លោកបន្ថែមថា សម្រាប់ការវិនិយោគដែលបានចុះបញ្ជីក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៣នេះហាក់មានភាពប្រសើរឡើងធៀបនឹងឆ្នាំ២០២១ និងឆ្នាំ ២០២០កន្លងទៅជាក់ស្ដែងក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៣នេះ មានគម្រោងវិនិយោគចំនួន១២៨គម្រោងបានចុះបញ្ជី ខណៈ៦ខែដូចគ្នាក្នុងឆ្នាំ២០២២ មាន១១១គម្រោង
។

លោកក៏បានបង្ហាញពីវិស័យអាទិភាពសំខាន់ៗដែលកម្ពុជាទទួលបានការវិនិយោគទាំងពីក្នុងនិងក្រៅប្រទេស រួមមានវិស័យទេសចរណ៍ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម ។
អ្នកឧកញ៉ាសៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា ខណៈដែលយើងទាំអអស់គ្នាកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន អ្វីដែលស្ដែងចេញឱ្យយើងឃើញច្បាស់នោះ គឺសេដ្ឋកិច្ចរបស់យើង គឺសេដ្ឋកិច្ចយើងកំពុងធ្វើដំណើរនៅតាមទិសដៅដ៏ត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

អ្នកឧកញ៉ាជឿជាក់ថា យើងនឹងសម្រេចបានវឌ្ឍនភាពពិតប្រាកដក្នុងការកំណត់ពីបញ្ហាប្រឈម និងកាលានុវត្តភាពដែលនៅចំពោះមុខ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។ បញ្ហាប្រឈមទាំងនេះ គឺជាឱកាសដើម្បីបង្កើនការវិនិយោគបន្ថែមទៀត ទាំងក្នុងស្រុក និងអន្តរជាតិ ។ សមាគមឧកញ៉ាកម្ពុជា ប្ដេជ្ញាកសាងសហគមន៍ ថ្នាក់ដឹកនាំវិស័យធុរកិច្ចឱ្យបានរឹងមាំ៕