
ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍បានបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍សរុបចំនួន ១,២២៤រូប (ស្ត្រី ៧៥០ រូប) លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោល ហូកា និងមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិកាក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) បានគូសបញ្ជាក់ថា ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញក្នុងឆ្នាំ២០២៥ ប្រមាណ ១លាននាក់ ឆ្នាំ២០៣០ ប្រមាណ ១,៥លាននាក់ និងឆ្នាំ២០៣៥ ប្រមាណ ១,៩លាននាក់ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានលើកឡើងថា យន្តការរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា គឺបានផ្តល់នូវភាពអង់អាច(Empower) និងភាពជាម្ចាស់លើកការបណ្តុះបណ្តាល ដល់មន្ទីរទេសចរណ៍ខេត្តគោលដៅ ដើម្បីសិក្សាពីតម្រូវការបណ្តុះបណ្តាលដល់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផ្តល់ការបណ្តុះបណ្តាលជំនាញជាក់លាក់ ពង្រឹងទំនាក់ទំនងជាមួយប្រតិបត្តិករទេសចរណ៍ និងពង្រឹងគុណភាពគ្រូបណ្តុះបណ្តាលរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលជាលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២៣ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង១០ បានធ្វើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់ម្ចាស់អាជីវកម្ម បុគ្គលិកដែលកំពង់បំរើការនៅសរុបចំនួន ១,២២៤រូប (ស្ត្រី ៧៥០ រូប) លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គ្រូបង្គោលនិងអ្នកវាយតម្លៃបង្គោល ហូកា និងមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍៕

