ភ្នំពេញ៖ គោលនយោបាយដាក់ពង្រាយមន្រ្តីឃុំ ចំនួន១៦០០នាក់នៅតាមឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំង២៥រាជធានី-ខេត្ត នឹងត្រូវប្រកាសឱ្យអនុវត្តដោយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នាពេលឆាប់ៗខាងមុខនេះ។ គោលនយោបាយនេះនឹងជួយរក្សាតម្លៃកសិផលរបស់ប្រជាកសិករកម្ពុជា និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កសិករក៏ដូចជាលើកកម្ពស់វិស័យកសិកម្មកម្ពុជាទាំងមូលផងដែរ។ នេះបើតាមការបញ្ជាក់របស់កញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញា អ៊ឹម រចនា បានលើកឡើងថា គោលនយោបាយដាក់ពង្រាយមន្រ្តីឃុំ ចំនួន១៦០០នាក់នៅតាមឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំង២៥រាជធានី-ខេត្ត គឺជាគោលនយោបាយមួយនៅក្នុងគោលនយោបាយសំខាន់ៗដទៃផ្សេងទៀតដែលក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញ និងអនុវត្តនៅក្នុងអាណត្តិនេះ។
កញ្ញាបន្តថា គោលនយោបាយនេះនឹងត្រូវប្រកាសដោយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នាពេលឆាប់ៗខាងមុខនេះ។ ក្រៅពីនេះ នៅមានគោលនយោបាយចំនួន៤ផ្សេងទៀតដែលនឹងអនុវត្តព្រមគ្នាធ្វើយ៉ាងណាជួយឱ្យប្រជាកសិករមានជីវភាពល្អប្រសើរជាងមុខ តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការផ្តល់ទុន និងការស្វែងរកទីផ្សារជូនទុកជាមុនឱ្យប្រជាកសិករផលិតទៅតាមតម្រូវការរបស់ទីផ្សារ ហើយប្រសិនជាការងារនេះអាចអនុវត្តបាននោះវានឹងជួយរក្សាស្ថិរភាពតម្លៃកសិផលកម្ពុជាបាន។
គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធ្វើការជាមួយប្រជាកសិករ បើគណបក្សឈានទៅឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។ គោលនយោបាយនេះ ត្រូវបានដាក់ចេញក្នុងមហាសន្និបាតវិសាមញ្ញរបស់បក្សកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣កន្លងទៅ។ នេះគឺជាគោលនយោបាយដ៏ថ្មីមួយរបស់បក្សដែលមិនធ្លាប់មានកន្លងមក ហើយគោលនយោបាយនេះធ្វើឡើងដើម្បីលើកកម្ពស់វិស័យកសិកម្ម៕