
ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជាង ២,៦ ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញ«កសិផល»ទៅក្រៅប្រទេសក្នុងបរិមាណសរុប ៤ ៥១៤ ៨៩៣,៧៤ តោន (អង្ករចំនួន ៣៦២ ៧០៨,០០តោន ស្រូវចំនួន ១ ៥១០ ៨៥០,០០តោន និង កសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៦៤១ ៣៣៥,៧៤តោន) ទៅកាន់ទិសដៅ ៦៨ប្រទេស ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៦២៩ ៥៩៦ ៥២៤,៥៦ដុល្លារអាម៉េរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារអាម៉េរិក តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ ដុល្លារអាម៉េរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៨១១ ១៣៩ ៧៣២,៥៦ដុល្លារអាម៉េរិក។
ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ យើងឃើញថា មានកំណើនចំនួន ៣,៣២% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ។ កើនឡើងដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន។
តម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង។ ម្ល៉ោះហើយ កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃនិងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕