Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាមិនរំពឹងពេកលើGSP ខណៈកម្ពុជាមានលក្ខណៈគ្រប់គ្រាន់ជាប្រទេសអភិវឌ្ឍន៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ កម្ពុជាមិនរំពឹងពេកទេ ចំពោះការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ព្រោះកម្ពុជាបានត្រៀមរួចជាស្រេចហើយថាកម្ពុជានឹងឆ្លងពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍន៍នាពេលឆាប់ៗនេះ ហើយកម្ពុជាក៏ត្រូវបានវាយតម្លៃរួចស្រេចពីសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)ថា កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឆ្លងផុតទៅកាន់ប្រទេសដែលមានឋានៈកំពុងអភិវឌ្ឍន៍ ហើយនាពេលនោះប្រព័ន្ធអនុគ្រោះនានាក៏ត្រូវបានផុតរលត់ទៅដែរ។ នេះជាប្រសាសន៍របស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាមិនត្រូវបាននាំចេញទៅអាម៉េរិកក្រោមប្រព័ន្ធអនុគ្រោះGSPទេ បានន័យថា អាម៉េរិកមិនបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជាលើមុខទំនិញ សម្លៀកបំពាក់ និងស្បែកជើងទេ ជារួមគឺកម្ពុជាបានបង់ពន្ធពេញថ្លៃលើការនាំចេញមុខទំនិញទាំងពីរនេះទៅអាម៉េរិក។

ឯកឧត្តមបន្តថា ប៉ុន្តែមុខទំនិញតែមួយគត់ដែលទទួលបានការអនុគ្រោះពន្ធGSPគឺកាបូបធ្វើដំណើរ ហើយសភាអាម៉េរិកមិនបានអនុម័តGSPតាំងពីចុងឆ្នាំ២០២០ម្លេះ ក៏ប៉ុន្តែប្រព័ន្ធអនុគ្រោះGSPមិនមែនមានសម្រាប់តែប្រទេសកម្ពុជាទេ គឺសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់។ បើទោះជាកម្ពុជាមិនមានប្រព័ន្ធអនុគ្រោះGSPលើសម្លៀកបំពាក់ និងស្បែកជើងក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិកនៅតែមានកំណើនជាលំដាប់។ ជាការពិតណាស់ កម្ពុជាបានធ្វើការតាមរយៈតំណាងពាណិជ្ជកម្មកម្ពុជា ក៏ដូចជាក្រុមអ្នកនាំចូលផលិតផលកម្ពុជានៅអាម៉េរិក និងភាគីពាក់ព័ន្ធនានា ដោយបានធ្វើសេចក្ដីតវ៉ាទៅកាន់សភាអាម៉េរិកដើម្បីអនុម័តទៅលើGSPឡើងវិញ ក៏ប៉ុន្តែភាគីអាម៉េរិកពុំទាន់មានការឆ្លើយតបលើសេចក្ដីនេះទេ។

ដូចនេះរាល់គ្រាដែលកម្ពុជាទទួលបានការអនុគ្រោះផ្សេងៗមិនមែនជាក្តីរំពឹងតែមួយគត់សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជាទេ គឺបានន័យថាក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលប្រឹងប្រែងរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយប្រទេសមួយចំនួនទៀតជាមួយបណ្តាប្រទេសអាសិប ចិន កូរ៉េ និងកិច្ចចចារផ្សេងៗទៀត ជាមួយបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែរ ដើម្បីបញ្ជ្រាបទីផ្សារធ្វើយ៉ាងណាឱ្យកម្ពុជានៅតែទទួលបានភាពអនុគ្រោះនៃការបើកចំហរទីផ្សារដដែល បន្ទាប់ពីឆ្លងផុតពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច។

គួរបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-អាម៉េរិក មានតម្លៃសរុប ៨ ៥១០,៤១៣ លានដុល្លារកើនឡើង ២១,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៦ ៩៨៧,៩៩១លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទៅអាម៉េរិកក្នុងទឹកប្រាក់ ៨២១៧,៦១៤ លានដុល្លារ កើន ២៣ % ចំណែកការនាំចូលពីអាម៉េរិកវិញមានចំនួន ២៩២,៧៩៨ លានដុល្លារធ្លាក់ចុះ ៤,៨%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង