
ភ្នំពេញ៖ នាដើមខែសីហា ឆ្នាំ២០២៣នេះ ប្រេងសាំងបានហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់ ហើយការឡើងថ្លៃប្រេងសាំងនេះគឺបណ្តាលមកពីកត្តាច្រើនយ៉ាង ប៉ុន្តែទោះជាយ៉ាងណាក៏រាជរដ្ឋាភិបាលកម្ពុជានៅតែជួយសម្រួលតម្លៃប្រេងសាំងជូនប្រជាពលរដ្ឋ ជាពិសេស រដ្ឋបានគិតគូរដល់វិស័យឯកជនដែលនាំចូលសាំងមកផ្គត់ផ្គង់នៅកម្ពុជា ដោយបានពិភាក្សា និងកំណត់យកតម្លៃមួយដែលសមរម្យអាចឱ្យប្រជាពលរដ្ឋ និងអ្នកនាំចូលទទួលយកបាន ដើម្បីឱ្យអ្នកនាំចូលមានលទ្ធភាពនាំចូលប្រេងបន្តទៀត និងចៀសវាងការខ្វះខាតប្រេងប្រើនៅក្នុងស្រុក។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើការនាំចូលប្រេងដែលចម្រាញ់រួចពីបរទេសសុទ្ធសាធ ហើយតម្លៃប្រេងឆៅជាអន្តរជាតិបានកើនឡើងតាំងពីចុងខែឧសភា មិថុនា និងកក្កដា ក្នុងនោះនៅក្នុងខែឧសភាប្រេងឆៅមានតម្លៃជាង៧៦ដុល្លារ/បារ៉ែល ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះតម្លៃប្រេងបានកើនដល់ជាង៨៥ដុល្លារ/បារ៉ែល។ បើតាមពិតទៅ តម្លៃប្រេងត្រូវកើនឡើងស្មើតម្លៃប្រេងក្នុងដើមខែសីហានេះ តាំងពីអំឡុងខែមិថុនា និងកក្កដាមកម្លេះ ប៉ុន្តែរាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មបានសងការជាមួយវិស័យឯកជនឱ្យមានការយោគយល់នៅក្នុងអំឡុងពេលបោះឆ្នោតដោយរក្សាលំនឹងតម្លៃប្រេងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដំណើរការផលិតកម្មផ្សេងៗ។
ឯកឧត្តមបន្តថា ក្រោយការបោះឆ្នោតនេះ វិស័យឯកជនមិនអាចបន្តធ្វើតាមសំណូមពររបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មបានទៀតទេ ប៉ុន្តែតម្លៃប្រេងត្រូវត្រឡប់ទៅរករូបមន្តដើមដែលធ្លាប់អនុវត្តនាពេលកន្លងទៅ គឺត្រូវផ្អែកលើថ្លៃប្រេងអន្តរជាតិដែលត្រូវគិតបម្រែបម្រួលរយៈពេល១០ថ្ងៃម្តង។ ដូចនេះតម្លៃប្រេងត្រូវត្រឡប់រកភាពប្រាកដនិយមនៃតម្លៃទីផ្សារ គឺប្រេងឆៅមានតម្លៃជាង៨៥ដុល្លារ/បារ៉ែល ដូចនេះប្រេងដែលចម្រាញ់រួចគឺត្រូវឡើងថ្លៃតាមនេះដូចគ្នា ហើយការឡើងថ្លៃនេះគឺមិនមែនមិនមានមូលហេតុទេ តែវាមានមូលហេតុច្រើនយ៉ាងទៀត។
មូលហេតុទាំងនោះមានដូចជា ការររងឥទ្ធិពលសង្គ្រាមរុស្សី-អ៊ុយក្រែន ដែលមានការដាក់ទណ្ឌកម្មលើរុស្សីដែលជាប្រទេសមួយនាំចេញប្រេងធំដែរ ដូចនេះរុស្សីបានកាត់បន្ថយការនាំចេញប្រេងជាងពាក់កណ្តាល។ កត្តាទី២គឺអង្គការនៃប្រទេសនាំចេញប្រេង ដែលហៅកាត់ថាអូប៉ិច(OPEC) ជាពិសេសប្រទេសអារ៉ាប់ប៊ីសាអូឌីត បានកាត់បន្ថយផលិតកម្មរបស់ខ្លួនរហូតដល់១លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាទំហំមួយធំ ហើយចំនួននេះបានធ្វើឱ្យប៉ះពាល់ដល់តម្រូវការ និងតម្លៃ។
ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មបានធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីរក្សាតម្លៃប្រងសមរម្យក្នុងគោលដៅជួយសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែត្រូវផ្អែកលើតម្លៃប្រេងអន្តរជាតិដែរដើម្បីរក្សាផលចំណេញដល់អ្នកនាំចូលប្រេងនៅកម្ពុជាដូចគ្នា។ ក្រៅពីនេះក្រសួងពាណិជ្ជកម្មក៏បានជំរុញឱ្យអ្នកនាំចូលប្រេងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចូលប្រេងមកលក់ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងស្រុកកុំឱ្យមានការខ្វះខាត ជាពិសេសចៀសវាងតម្លៃប្រេងកើនឡើងថែមទៀតដោយសារកង្វះខាតប្រេង។
ទន្ទឹមនឹងនេះរដ្ឋាភិបាលកម្ពុជាក៏បានជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែរ ដោយបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ជាពិសេសរដ្ឋាភិបាលបានកំណត់ការចំណាយ និងចំណេញរបស់វិស័យឯកជនដែលនាំចូលប្រេងផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកនាំចូលប្រេងអាចទទួលយកតម្លៃនេះបាន។
គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានតម្លៃ៤.៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៤៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជាង៥០០០រៀល៕