
ភ្នំពេញ៖ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោកហើយត្រូវបានហាមមិនឲ្យមានការនាំចេញអង្ករសធម្មតាដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសខ្លួន។ នេះជាប្រសាសន៍របស់លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
បើតាមខ្លឹមសារ ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលើពិភពលោក។
ទន្ទឹមនឹងនេះកម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀតជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារដើម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត៕