Cctimesw1140xh150cm copy

យុទ្ធនាការ«អន្ទាក់សូន្យ»បានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន

ភ្នំពេញ៖ ត្រឹមរយៈពេល១៣ខែ គឺក្នុងចន្លោះខែមីនាឆ្នាំ២០២២ ដល់ខែមិថុនាឆ្នាំ២០២៣ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូបានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងស្រុកក្នុងខេត្តចំនួន១២ គឺ៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។

យុទ្ធនាការអន្ទាក់សូន្យដែលត្រូវបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាន និងដោយមានការចូលរួមគាំទ្រសហការរៀបចំពីអង្គការដៃគូ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈបំផុត។ គោលដៅចំបងនៃយុទ្ធនាការនេះគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

នេះគឺជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិករដ្ឋសភា ថ្នាក់ដឹកនាំនិងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូក្នុងវិស័យបរិស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមរៀបចំ និងអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះយ៉ាងខ្ជាប់ខ្ជួន និងដោយរលួន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអំពីផលវិបាកបណ្តាលមកពីការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ សំដៅផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថខុសឆ្គងទាក់ទងនឹងការបរិភោគសាច់សត្វព្រៃ និងប្រើប្រាស់ផលិតពីសត្វព្រៃដែលសង្គមកម្ពុជាមិនផ្តល់តម្លៃសោះ។

ជាលទ្ធផលរួម យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និងចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគីអនុវត្តយុទ្ធនាការទាំងអស់។

របាយការណ៍ស្តីពីលទ្ធផលជាផ្នែកៗនៃការអនុវត្តយុទ្ធនាការទាំងមូល បានបង្ហាញថា៖ មានមនុស្សចំនួនប្រមាណជា១ម៉ឺននាក់បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផ្សេងៗនៃយុទ្ធនាការ និងមានអត្ថបទព័ត៌មានសរុបប្រមាណជា មួយពាន់ ចំណងជើង ត្រូវបានផ្សព្វផ្សាយដល់មនុស្សចំនួនប្រមាណជា ៥លាននាក់ ខណៈមនុស្សចំនួន ៧លាននាក់ ទៀតបានអានសារអប់រំតាមទូរស័ព្ទដៃដែលបានអំពាវនាវឲ្យចូលរួមការពារសត្វព្រៃ ដោយបញ្ឈប់ការដាក់អន្ទាក់ និងកុំពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ។ លទ្ធផលទាំងនេះទទួលបានការសាទរយ៉ាងក្រៃលែងពីសំណាក់គ្រប់ភាគីទាំងអស់នៃយុទ្ធនាការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង