
ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute) និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) បានចុះមកសិក្សាដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៣ ខែសីហានេះ បានជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute) និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត Heo Jang បានជម្រាបអំពីបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។
ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីចុងឆ្នាំ២០២២ កន្លងទៅ៕

