
ភ្នំពេញ៖ ភាគីកម្ពុជាបានដាក់សំណើររួចហើយទៅភាគីថៃ ដោយបានស្នើសុំថៃផ្តល់នូវការបណ្តុះបណ្តាលលើមុខជំនាញចំនួន ៦ រួមមាន៖ ១. ជំនាញវិស្វកម្មអេឡិចត្រូនិក, ២. សំណង់ស៊ីវិល, ៣. គ្រឿងយន្ត (Automotive), ៤. បរិក្ខារត្រជាក់, ៥. ព័ត៌មានវិទ្យា, និង ៦. វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកការិយាល័យ។ សំណើរនេះត្រូវបានស្នើឡើងក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
តាមរយ:កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្អប្រសើររវាងកម្ពុជា-ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅធានាដល់ប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។
ឯកឧត្តម អ៉ិត សំហេង បានមានប្រសាសន៍ថា ការបើកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរទទួលបាននូវវឌ្ឍភាពជាច្រើន ហើយពលករកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ។ ឯកឧត្តមបាននថ្លែងអំណរគុណចំពោះភាគីថៃដែលជួយផ្ដល់អាហារូបករណ៍ទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ ពិសេសគឺបានបង្កើតឱ្យមានវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជាឱ្យមានចំណេះជំនាញក្នុងការប្រកបវិជ្ជាជីវៈ។
កម្ពុជាសង្ឃឹមថា បន្ទាប់ពីទទួលបានសំណើនេះ ភាគីថៃនិងផ្តល់ជូនវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ តាមសំណើនេះនិងបន្តទទួលបានកិច្ចសហប្រតិបត្តិការពីភាគីថៃលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្តទៀត ហើយនឹងបង្កើតឱ្យមានកម្មវិធីរួមគ្នាជាច្រើនទៀត ដូចការរៀបចំវេទិការការងាររវាងកម្ពុជា ថៃជាដើម៕
