អូស្ដ្រាលី៖ កញ្ញា លាវ វ៉ាន់វត្តី បានជាប់ជ័យលាភីពានរង្វាន់និស្សិតឆ្នើមប្រចាំ សាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (University of Technology Sydney - UTS) ។ បច្ចុប្បន្ន វត្តីជានិស្សិតឆ្នាំងទី២ ផ្នែកធុរកិច្ច។ តាមរយៈការសិក្សាជំនាញនេះ វត្តីអាចនឹងធ្វើការផ្នែកគណនេយ្យ ប៉ុន្ដែកាន់តែរៀនអំពីហិរញ្ញវត្ថុ នោះវត្តីកាន់តែចាប់អារម្មណ៍លើវាកាន់តែខ្លាំងឡើង ហើយវត្តីអាចផ្លាស់ប្តូរគំនិតរបស់ខ្លួននៅពេលអនាគត។
នៅពេលដែលបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីសាលាអន្តរជាតិវេស្ទើន វត្តីបានសម្រេចចិត្តបន្ដការសិក្សាជំនាញធុរកិច្ច នៅប្រទេសអូស្ដ្រាលី។ ប៉ុន្ដែមុនពេលសម្រេចចិត្តទៅសិក្សានៅទីនោះ វត្តីបានធ្វើការសម្រេចចិត្តយ៉ាងយកចិត្តដាក់បំផុត។ វត្តី បានទទួលដំបូន្មានជាច្រើនពីឪពុកម្តាយ និងមិត្តភក្តិ។ ពួកគេបានពិចារណាពីការដែលវត្តីចូលចិត្តមុខវិជ្ជាគណនេយ្យ និងធុរកិច្ច នៅវិទ្យាល័យ ហើយវត្តីបានជ្រើសរើសសិក្សាផ្នែកធុរកិច្ច។ បន្ទាប់ពីបានប្រៀបធៀបសាកលវិទ្យាល័យធំៗ វត្តីបានជ្រើសរើសសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (UTS) ដោយសារតែ UTS ក៏មានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍ ដោយ UTS ជាសាកលវិទ្យាល័យវ័យក្មេងលំដាប់កំពូលរបស់អូស្ត្រាលី និងជាប់ចំណាត់ថ្នាក់ទី៩០ ក្នុងចំណាត់ថ្នាក់កំពូល១០០ របស់ពិភពលោក។
ដូចជាសិស្សអន្ដរជាតិដ៏ទៃទៀតដែរ វត្តីចាប់ផ្ដើមសិក្សាផ្នែកធុរកិច្ច ដែលកាលចាប់ចូលសិក្សាដំបូងវត្តី មានភាពខ្មាស់អៀនច្រើន ប៉ុន្ដែវគ្គសិក្សានេះ បានជួយវត្តីរៀននិយាយ និងទំនាក់ទំនងសង្គម បង្កើតទំនាក់ទំនង និងបង្កើតមិត្តភក្ដី ហើយបច្ចុប្បន្ននេះ មិត្តភក្ដិទាំងនោះមួយចំនួនកំពុងសិក្សាជាមួយវត្តីនៅ UTS ។ វត្តីក៏បានកោតសរសើរចំពោះការគាំទ្រដែលទទួលបាននៅមហាវិទ្យាល័យ UTS ។ វត្តីនិយាយថា ថ្នាក់រៀនតូច ដូច្នេះគ្រូបង្រៀនអាចផ្តោតលើបុគ្គលម្នាក់ៗ ហើយគ្រូតែងតែអាចទាក់ទងបាន និងពេញចិត្តក្នុងការជួយសិស្ស។ ពួកគេបានឆ្លើយសំណួរទាំងអស់របស់វត្តី ហើយបានជួយវត្តីតាមរយៈកិច្ចការសាលា។ វត្តីមិនដែលមានអារម្មណ៍ភ័យខ្លាចក្នុងការសួរអំពីអ្វីនោះទេ។
វត្តី បានឱ្យដឹងថា មហាវិទ្យាល័យបានជួយនាងដោះស្រាយបញ្ហាប្រឈមក្នុងការសិក្សានៅបរទេស។ អ្វីគ្រប់យ៉ាងគឺថ្មីសម្រាប់ខ្លួន។ ការផ្លាស់ប្តូរពីវិទ្យាល័យទៅសាកលវិទ្យាល័យមានច្រើនណាស់។ បន្ថែមពីនេះ ការសិក្សា និងទំនាក់ទំនង ជាគំរូសិក្សានៅមហាវិទ្យាល័យ UTS ដែលវាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។ វត្តីបញ្ជាក់ថា «ខ្ញុំគិតថាយើងនឹងមានការបង្រៀន ប៉ុន្តែពួកគេមានវិធីផ្សេងទៀតក្នុងការរៀននៅមហាវិទ្យាល័យ UTS។ មិនមានការបង្រៀននៅ UTS នោះទេ ភាគច្រើនសិស្សចំណាយពេលសិក្សាដោយខ្លួនឯង ប៉ុន្ដែវាល្អជាងអង្គុយស្ដាប់គ្រូរហូតដល់ទៅ២ម៉ោង»។
យុវតីរូបនេះ បាននិយាយទៀតថា បច្ចុប្បន្ននេះខ្លួនកំពុងសិក្សាឆ្នាំទី២ ហើយក៏កំពុងត្រៀមខ្លួនក្នុងការចុះកម្មសិក្សានៅឆ្នាំក្រោយ ផងដែរ។ នៅពេលបញ្ចប់ការសិក្សា វត្តីអាចនឹងធ្វើការផ្នែកគណនេយ្យ ប៉ុន្ដែវត្តីបញ្ជាក់ថា កាន់តែរៀនអំពីហិរញ្ញវត្ថុ នោះខ្ញុំកាន់តែចាប់អារម្មណ៍លើវាកាន់តែខ្លាំងឡើង ហើយអាចផ្លាស់ប្តូរគំនិតនៅពេលអនាគត៕