
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំឱ្យសភាអាម៉េរិកបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ព្រោះការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។ នេះជាការស្នើសុំរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទៅកាន់ ឯកឧត្តម Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាម៉េរិក ក្នុងកិច្ចពិភាក្សាការងាររវាងភាគីទាំងពីរ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាទៅលើវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានស្នើសុំឱ្យសភាអាម៉េរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ដោយឯកឧត្តមយល់ថា ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។
ជាចុងក្រោយ ឯកឧត្តម បានអំពាវនាវឱ្យក្រុមហ៊ុនអាម៉េរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា កម្មវិធីអនុគ្រោះពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក Generalized System of Preferences ដែលហៅកាត់ថា (GSP) បានផ្តល់ឱកាសសម្រាប់ប្រទេសក្រីក្រក្នុងពិភពលោកជាច្រើនប្រើប្រាស់ប្រព័ន្ធពាណិជ្ជកម្មនេះ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ពួកគេឲ្យងើបចេញពីភាពក្រីក្រ។ កម្មវិធីអនុគ្រោះពាណិជ្ជកម្មនេះ គឺជាកម្មវិធីអនុគ្រោះពន្ធដ៏ធំ និងចំណាស់បំផុតមួយរបស់សហរដ្ឋអាមេរិក ដែលបានបង្កើតឡើងដោយច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសក្រីក្រ ដោយការលុបបំបាត់ការយកពន្ធលើផលិតផលរាប់ពាន់មុខនៅពេលប្រទេសទាំងនោះនាំចូលមកកាន់ទីផ្សារអាម៉េរិក។
ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធនេះដែរ សមាជិកសភាអឺរ៉ុប កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ បានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ប្រទេស ឱ្យដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលថ្មីៗនេះ ត្រូវបានគេរកឃើញថា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕


