Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្លូវក្រវាត់ក្រុងទី៣នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃស្អែកទី០៣ ខែសីហានេះ ខណៈគិតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងទី៣ បានបញ្ចប់ការសាងសង់១០០ភាគរយហើយ។ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមការគ្រោងទុកផ្លូវក្រវាត់ក្រុងទី៣នឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។

ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ហើយផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះដែរបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍន៍បូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង