
ប៉ៃលិន៖គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយលទ្ធភាពឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក បានចំនួន១៩ ខេត្ត ដោយក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានទួលការស្នើសុំខ្ចីឥណទានពីក្នុងកម្មវិធីពិសេសនេះបានចំនួនប្រមាណ៤០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៥លានដុល្លារអាមេរិក។
ក្នុងបេសកម្មនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋអំពីគោលការណ៍ និងនិតីវិធីស្នើសុំឥណទានពីក្នុងកម្មវិធីហិរញ្ញប្បទានពិសេសនេះ។
ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយនៅសាលាខេត្តប៉ៃលិន នៅថ្ងៃទី២៩ កក្កដានេះ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងខេត្តប៉ៃលិនដែលមានគោលដៅចង់ពង្រីកអាជីវកម្ម រួសរាន់រៀបចំឯកសារដើម្បីធ្វើការស្នើសុំឥណទានមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានសម្រេច កាត់បន្ថយការប្រាក់ និងសម្រួលដល់ការខ្ចីប្រាក់របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីអាចទទួលបានផលប្រយោជន៍ពីថវិកាពិសេស ៥០ លានដុល្លាររបស់រដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍជនបទ និងកសិកម្ម។
ធានាគារអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមបញ្ចេញថវិការបស់រដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិកទៅឱ្យសហគ្រាសធុនតូច និងមធ្យម (SME)លើវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។តាមការរំពឹងកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារអាម៉េរិកនេះ នឹងជួយដល់សហគ្រាសប្រមាណ៥០០នៅកម្ពុជា អាចពង្រីកខ្លួនក៏ដូចការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ៕