681 ezgif.com resize
Swift cc time

ស្ដ្រីមន្រ្តីឧទ្យានុរក្សម្នាក់ចង់ឃើញព្រៃឈើនិងសត្វព្រៃកើនឡើងនា១០ឆ្នាំខាងមុខ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ WWF Cambodia

ក្រចេះ៖ ដោយការស្រលាញ់ ចូលចិត្តធម្មជាតិ ហើយចង់ការពារធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស លោកស្រី ឈីន ផាត់ថាវឌី បានបម្រើការជាឧទ្យានុរក្សតាំងពីឆ្នាំ២០១៧ មកម្លេះ។ លោកស្រី ឈីន ផាត់ថាវឌី វ័យ៣២ឆ្នាំ គឺជាមន្ដ្រីឧទ្យានុរក្សស្ដ្រីតែម្នាក់គត់ នៅដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ។

លោកស្រី ឈីន ផាត់ថាវឌី បានឱ្យដឹថា លោកស្រីចូលបម្រើការជាឧទ្យានុរក្សតាំងពីឆ្នាំ២០១៧ ដោយការស្រលាញ់ ចូលចិត្តធម្មជាតិ ហើយចង់ការពារធម្មជាតិ និងសត្វព្រៃយើងឲ្យនៅគង់វង្ស។ លោកស្រីមានមោទនភាពក្នុងនាមជាឧទ្យានុរក្ស។ ទោះបីពេលខ្លះ ការងារជាមន្ដ្រីឧទ្យានុរក្ស ត្រូវបានគេមិនឱ្យតម្លៃក៏ដោយ ក៏លោកស្រីនៅតែមានមោទនភាពចំពោះខ្លួនឯង ដែលអាចចូលរួមការពារព្រៃឈើនិងសត្វព្រៃបាន។

រូបភាព៖ WWF Cambodia

លោកស្រី ផាត់ថាវឌី បានបន្ដថា ពេលលោកស្រីមានផ្ទៃពោះ លោកស្រីទៅល្បាតរហូតកូនក្នុងពោះអាយុ ៥-៦ ខែ ប៉ុន្តែគ្រាន់តែថាមិនអាចជិះផ្លូវឆ្ងាយបាន។ ដូច្នេះមិត្តរួមការងាររបស់លោកស្រី បានឱ្យលោកស្រីនៅស្នាក់ការ ដោយសារពួកគេយោគយល់លោកស្រីជាស្ត្រីមានផ្ទៃពោះ។ ទោះបីលោកស្រីជាស្រ្តីក៏ដោយ ក្នុងនាមជាឧទ្យានុរក្ស លោកស្រីថាវឌីបំពេញការងារដូចឧទ្យានុរក្សបុរសដែរ ដោយចូលរួមល្បាត បង្រ្កាបបទល្មើស និងអប់រំផ្សព្វផ្សាយបរិស្ថានជាដើម។

លោកស្រី ផាត់ថាវឌី រៀបរាប់បន្តជាមួយមោទនភាពក្នុងការងាររបស់ខ្លួន បន្តថា ក្តីស្រមៃរបស់លោកស្រី ១ ឆ្នាំទៅមុខទៀត លោកស្រីចង់ឱ្យព្រៃឈើមានការកើនឡើង ហើយសត្វក្តាន់ ដែលលោកស្រីនិងក្រុមការងារកំពុងតែការពារ មិនថាសត្វក្តាន់ឬក៏សត្វព្រៃផ្សេងទៀតទេ លោកស្រីចង់ឱ្យមានចំនួនកើនឡើងទៅមុខទៀត ហើយនៅមានដើមឈើដើម្បីជាជម្រកសត្វ។

យោងតាមការផ្សាយរបស់ក្រសួងបរិស្ថាន នៅកម្ពុជា មន្ត្រីឧទ្យានុរក្សមានចំនួនសរុបប្រមាណជាង ១២០០នាក់នៅទូទាំងប្រទេស ខណៈមន្ត្រីឧទ្យានុរក្សជាស្ត្រីមានចំនួន ៤២នាក់ កំពុងបំពេញការងារនៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន២០។ យ៉ាងណាក៏ដោយ ឧទ្យានុរក្សស្រ្តីនិងបុរស មាននាទីដូចគ្នា រាប់ចាប់ពីការចូលរួមល្បាត បង្រ្កាបបទល្មើស ការអប់រំសហគមន៍ជាដើម៕

រូបភាព៖ WWF Cambodia


Khcct banner

អត្ថបទទាក់ទង