Cctimesw1140xh150cm copy

រដ្ឋមន្ត្រីក្រសួងការងារលើកទឹកចិត្តនិស្សិតសិក្សានៅក្រៅប្រទេសខំសិក្សាយកចំណេះជំនាញដើម្បីបម្រើប្រទេសជាតិវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងការងារ

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែល លោក អ៉ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

រូបភាព៖ ក្រសួងការងារ

លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះគឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។

លោកប្រធានប្រតិភូបានបន្តថា អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាគម្រោងជំនួយឥតសំណងដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ មកដល់ពេលបច្ចុប្បន្នមាននិស្សិតកម្ពុជាជាង៥០០នាក់ហើយដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍន៍និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

រូបភាព៖ ក្រសួងការងារ

លោករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ និងជូនពរដល់និស្សិតទាំង២៤នាក់ខាងលើឱ្យទទួលបានការសិក្សាជោគជ័យ និងត្រឡប់មកបំពេញការងារនៅកម្ពុជាវិញ ដើម្បីជួយជំរុញការអភិវឌ្ឍតាមវិស័យការងាររៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រីក៏បានបន្តណែនាំដល់ក្រុមនិស្សិតត្រូវចូលរួមជួយលើកម្ពស់កិត្តិយសកម្ពុជានៅប្រទេសជប៉ុន ព្រមទាំងត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ពិសេសគឺត្រូវខិតខំសិក្សាស្វែងយល់យកចំណេះ ជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិយើងវិញ៕

រូបភាព៖ ក្រសួងការងារ


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង