Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាទទួលបានសិទ្ធបណ្ដុះបណ្តាលបច្ចេកទេសដល់សិស្សអាស៊ានលើកដំបូង ក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ជាលើកដំបូង និងកិត្តិយសដ៏ធំ ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ប្រព័ន្ធបញ្ជាសៀគ្វីដោយ ភី អិល ស៊ី-PLC Sequence Control” ក្រោមកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចល័តអាស៊ាន-កូរ៉េ (ASEAN-ROK TVET Mobility Programme) ដែលមានសិក្ខាកាមចូលរួមមកបណ្តាប្រទេសអាស៊ាន រួមមាន ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងកម្ពុជា សរុបចំនួន ៥០រូប។

គម្រោងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (The Korea Chamer of Commerce and Industry) នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកអនុវត្តគម្រោង។

តាមរយៈគម្រោងនេះដែរ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈនឹងត្រូវរៀបចំវគ្គបណ្តុះបណ្តាលមួយទៀតនៅដើមឆ្នាំ២០២៤ ដែលមានរយៈពេល ៣ខែ ដូចគ្នា (រយៈពេល ២ខែសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងរយៈពេល ១ខែ ត្រូវអនុវត្តការងារជាក់ស្តែងនៅតាមរោងចក្រ សហគ្រាស)។

នេះជាលើកដំបូង និងកិត្តិយសដ៏ធំ ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង