ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិកៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមរបាយការណ៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor InternationalAirport) នេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ(IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ(ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។
របាយការណ៍បញ្ជាក់ថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប Siem Reap International Airport—REP) បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap_Angkor International Airport)ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd (AIAI) ដោយមានភាគហ៊ុនពីក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុនវិនិយោគយូណាន ៧៦.៦% ក្រុមហ៊ុនសំណង់យូណាន ២០% និង ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន ៣.៤%។
ទម្រង់វិនិយោគ «សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» គឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី (greenfield) ទាំងស្រុងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា និង មានដីបម្រុងប្រមាណ ១ ០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/តំបន់ឧស្សាហកម្មរណបឱ្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/Airport City» នាពេលខាងមុខ។
ទុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនប្រមាណ ៨៨០លានដុល្លារ ត្រូវបានកំណត់នៅឆ្នាំ ២០១៩ ប៉ុន្តែតម្រូវការនៃទុនវិនិយោគនេះបានកើនឡើងរហូតដល់ ១ ១០០លានដុល្លារ នៅឆ្នាំ២០២២៕