Yearendyearend1140x150
Img 0571

«គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ»បានដាក់ឱ្យប្រើប្រាស់ដោយមានការគាំទ្រពីរដ្ឋាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ពិធីផ្សព្វផ្សាយ«គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ» នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២០។

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដោយមានការសហការគាំទ្រពី អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន់កម្ពុជា នៅថ្ងៃទី២៩ កក្កដានេះ បានរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ»។ជាគោលនយោបាយដើម្បីវិនិយោគទៅលើកុមារ ទាំងស្មារតី ធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន និងមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍រួម បានគូសបញ្ជាក់ថា ប្រព័ន្ធកិច្ចការពារកុមារ គឺជាការបេ្ដជ្ញាចិត្តជាក់ស្ដែងរបស់រដ្ឋាភិបាលកម្ពុជាទៅលើការអនុវត្តកិច្ចការពារកុមារ រួមមាន ភាពចាំបាច់ក្នុងការវិនិយោគបន្ថែម លើមន្រ្តីសង្គមកិច្ច ឬបុគ្គលិកថ្នាក់ក្រោមជាតិ ការបន្តធានាឱ្យកុមារទទួលបានសេវាផ្លូវច្បាប់ និងសមធម៌សង្គម ការឆ្លើយតបចំពោះគ្រោះមហន្តរាយដែលឱ្យមានផលប៉ះពាល់ដល់កុមារ និងគ្រួសារកុមារ។

ក្នុងសេចក្ដីប្រកាសដដែលបន្ថែមថា កិច្ចការពារនេះនឹងបន្តការប្រមូលផ្ដុំ ពង្រឹង និងពង្រីកកម្មវិធីដែលមានស្រាប់សម្រាប់កិច្ចការពារកុមារ និងការធានារនូវសង្គតិភាពនៃនិតិវិធី វិធានការ និងយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហារបស់កុមារ។

ប្រព័ន្ធកិច្ចការពារកុមារ គឺជាបណ្ដុំនៃវិធានការបង្កើតឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការការពារកុមារពីការរំលោភបំពាន និងការកេងប្រ័ញ្ចគ្រប់រូបភាព ដោយផ្អែកលើសសរស្តម្ភ៣ គឺ ការបង្ការទប់ស្កាត់ ការអន្តរាគមន៍ និងការផ្ដល់សេវាឆ្លើយតប ដែលត្រូវបំពេញជាលក្ខណៈប្រព័ន្ធមួយ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទា ឯកឧត្តម វង សូត មានបានឱ្យដឹងថា គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ជាយុទ្ធសាស្រ្តបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល សម្រាប់រយៈពេល១០ឆ្នាំ ក្នុងការវិនិយោគទៅលើកុមារ ទាំងស្មារតី ធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឱ្យកុមារគ្រប់គ្នាមានឱកាសស្មើៗគ្នា និងក្លាយជាធនធានមនុស្សដែលអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា «គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ» បានចាប់ផ្ដើមកាលពី៣ឆ្នាំមុន ពោលគឺឆ្នាំ២០១៧មកម្ល៉េះ។អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការឆាលហ្វាន់កម្ពុជា បានគាំទ្រតាក់តែងគោលនយោបាយនេះឡើង ដើម្បីធានាថាកុមារនៅកម្ពុជាគ្រប់រូបទទូលបានសិទ្ធិ ស្នើៗគ្នា ដើម្បីសមធម៌ និងយុត្តិធម៌ក្នុងសង្គម។នេះជាការលើកឡើងរបស់នាយិការប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកស្រី គ្វីននេត វ៉ង និង នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង