
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧-២៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន២៦៩,៣៥៦នាក់ ក្នុងនោះភ្ញៀវជាតិ២២៩,៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៩,៨៣៧នាក់។ ចំនួនភ្ញៀវទេសចរជិត២៧ម៉ឺននាក់នេះ គឺមានការថយចុះប្រមាណ ៩% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ៣៧,៤១០នាក់, ខេត្តព្រះសីហនុ ៣៥,៨៤៩នាក់, រាជធានីភ្នំពេញ ៣៣,៤៣៧នាក់, ខេត្តកំពត ៣១,០៤៥នាក់, ខេត្តសៀមរាប ២០,៣៥០នាក់, ខេត្តកំពង់ស្ពឺ ១៦,០២៥នាក់, និង ខេត្តពោធិ៍សាត់ ១៣,៩០៩នាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា ការថយចុះចំនួនភ្ញៀវទេសចរ គឺដោយសារប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត ដូចនេះប្រជាពលរដ្ឋភាគច្រើនបានជួបជុំគ្នាហូបចុកនៅតាមូលដ្ឋានស្រុកកំណើតរបស់គាត់បន្ទាប់ពីបោះឆ្នោតរួច។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន។ ជាក់ស្តែង យោងតាមរបាយការណ៍ចរាចរណ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានរថយន្តចំនួន២០,៤៩៤គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន៕