Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សកម្មភាព៥របស់USAID លើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រដូវប្រមូលផលស្រូវនៅស្រុកសៀមប៉ាង (រូបភាព៖ USAID មរតកបៃតង)

ស្ទឹងត្រែង៖ នៅពេលដែលយើងឃើញយ៉ាងច្បាស់ថាការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សពិតជាមានសក្តានុពល ដោយសារពួកគេស្ថិតនៅជួរមុខនៃការអភិរក្ស USAID មរតកបៃតង តាមរយៈដៃគូអភិរក្ស គឺក្រុមហ៊ុន Rising Phoenix គាំទ្រសកម្មភាពសំខាន់ៗចំនួនប្រាំរួមមាន កម្មវិធីស្រូវត្រយង កម្មវិធីចាក់វ៉ាក់សាំងសត្វពាហនៈ ការកសាងសមត្ថភាពល្បាតរបស់សហគមន៍ ការស្ដារឡើងវិញនូវជីវៈចម្រុះ និងអាហារដ្ឋានត្មាត ដែលសកម្មភាពទាំងនេះរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។

បច្ចុប្បន្នកសិករប្រហែល ១០០គ្រួសារ កំពុងធ្វើស្រែនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ប៉ុន្តែប្រមាណ ៩០%ប៉ុណ្ណោះនៃចំនួនកសិករសរុប ដាំស្រូវសរីរាង្គ និងចូលរួមក្នុងកម្មវិធីស្រូវត្រយង។ ឆ្នាំនេះ ក្រុមហ៊ុន Rising Phoenix កំពុងជ្រើសរើសកសិករផ្សេងទៀតដែលមិនទាន់បានចួលរួម។ ប្រជាជននៅទីនេះមានទំនោរជឿថា ពួកគេមិនមានដីគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយពួកគេអាចកាប់ឆ្ការដីព្រៃបាន។ ដើម្បីអាចចូលរួមក្នុងគម្រោងស្រូវត្រយងបាន កសិករទាំងអស់ត្រូវផ្តល់ព័ត៌មានអំពីការប្រើប្រាស់ដីរបស់ពួកគេមកឱ្យ Rising Phoenix ហើយពួកគេត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្សដោយប្តេជ្ញាថានឹងមិនធ្វើការទន្ទ្រានដី មិនបរបាញ់ មិនកាប់ឈើ ឬប្រើប្រាស់សារធាតុគីមីនៅក្នុងស្រែរបស់ពួកគេឡើយ។

វាលស្រែរបស់កសិករស្រូវត្រយ៉ងនៅស្រុកសៀមប៉ាង (រូបភាព៖ USAID មរតកបៃតង)

លើសពីនេះ ដើម្បីចូលរួមដល់ការអភិរក្ស Rising Phoenix មានកម្មវិធីចាក់វ៉ាក់សាំងសម្រាប់សត្វពាហនៈដែលនៅជិតដែនជម្រកសត្វព្រៃដើម្បីកាត់បន្ថយការឆ្លងជំងឺពីសត្វស្រុកទៅសត្វព្រៃ ការស្ដារឡើងវិញនូវទីជម្រកសំខាន់ៗសម្រាប់សត្វរងគ្រោះជិតផុតពូជសត្វព្រៃដោយមានការចូលរួមពីសហគមន៍ ការកសាងសមត្ថភាពសហគមន៍ក្នុងការល្បាតដែលជួយគាំទ្រដល់សកម្មភាពផ្សេងៗ និងការផ្តល់ចំណីបន្ថែមដល់សត្វត្មាតដើម្បីការពារចំនួនសត្វប្រភេទនេះនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។

កម្មវិធីចាក់វ៉ាក់សាំងសត្វពាហនៈ (រូបភាព៖ USAID មរតកបៃតង)

ជាពិសេស តួនាទីរបស់សហគមន៍ក្នុងការអភិរក្ស ជាផ្នែកមួយនៃការអភិរក្សប្រកបដោយនិរន្តរភាព។ កសិករបានរស់នៅអាស្រ័យផលមុនពេលដែនជម្រកសត្វព្រៃនេះត្រូវបានបង្កើតឡើងទៅទៀត ដូច្នេះរាល់កិច្ចការអភិរក្សដែលមានប្រសិទ្ធភាព ចាំបាច់ត្រូវមានការចូលរួមពីសហគមន៍។ នៅពេលដែលប្រជាពលរដ្ឋមានជម្រើសចិញ្ចឹមជីវិតផ្សេងទៀត នោះពួកគេប្រាកដជាកាត់បន្ថយការចូលព្រៃសម្រាប់របរចិញ្ចឹមជីវិត ដែលនឹងកាត់បន្ថយសម្ពាធលើធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃផងដែរ។

ការកសាងសមត្ថភាពផ្នែកល្បាតដល់សហគមន៍ (រូបភាព៖ USAID មរតកបៃតង)

សកម្មភាពរបស់មនុស្សអាចជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី ហើយគេអាចបង្រៀនកសិករឱ្យចេះរួមរស់ជាមួយសត្វព្រៃ។ ប៉ុន្ដែ បញ្ហាប្រឈមទីមួយ គឺសត្វឆ្កែរបស់កសិករ។ កសិករជាធម្មតាស្នាក់នៅក្បែរវាលស្រែរបស់ពួកគេក្នុងរដូវដាំដុះ ដែលមានរយៈពេលប្រាំមួយខែ ដោយពួកគេរស់នៅជាមួយសត្វឆ្កែរបស់ពួកគេដើម្បីជួយការពារ និងជួយ ប្រមាញ់សត្វព្រៃ។ បញ្ហាទីពីរ គឺសត្វស្លាបដែលជិតផុតពូជដូចជាសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ចូលចិត្តមករកចំណីជុំវិញវាលស្រែ និងធ្វើសំបុកនៅក្បែរនោះ។ នៅត្រង់នេះហើយ ដែលសកម្មភាពរបស់មនុស្សគឺជាអាវុធមុខពីរ ដោយសារវាលស្រែបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដែលទាក់ទាញសត្វស្លាបមកចាប់សត្វល្អិតជាចំណីនៅទីនោះ ប៉ុន្តែវាក៏ធ្វើឱ្យសត្វស្លាបងាយរងគ្រោះដោយសារមនុស្សផងដែរ។

សត្វត្រយងយក្ស ត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង (រូបភាព៖ USAID មរតកបៃតង)

អាហារដ្ឋានត្មាត ក៏ជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ គេបានបង្កើតអាហារដ្ឋានត្មាត ដើម្បីដាក់ចំណីឱ្យសត្វត្មាតដែលរងគ្រោះជិតផុតពូជបីប្រភេទក្នុងដែនជម្រកសត្វព្រៃ។ រៀងរាល់មួយសប្តាហ៍ម្តង គេដាក់សាកសពគោ ឬក្របីជាចំណីសម្រាប់ត្មាតទាំងនេះ។ ប្រភពចំណីដ៏ជាក់លាក់មួយនេះអាចឱ្យសត្វត្មាតធ្វើសំបុក និងបង្កាត់ពូជក្នុងតំបន់នោះ ក៏ដូចជាកាត់បន្ថយហានិភ័យនៃសត្វទាំងនេះស៊ីគ្រោងឆ្អឹងសាកសពពុល ដែលឈានទៅរកការថយចុះនៃចំនួនសត្វត្មាត។ លើសពីនេះ គេអាចតាមដានសត្វត្មាតយ៉ាងដិតដល់ និងកំណត់ថាតើចំនួនពួកវាស្ថិតស្ថេរ កើនឡើង ឬថយចុះបានទៀតផង៕

សត្វត្រយងចង្កំកសត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង (រូបភាព៖ USAID មរតកបៃតង)
អាហារដ្ឋានត្មាត (រូបភាព៖ USAID មរតកបៃតង)
អាហារដ្ឋានត្មាត (រូបភាព៖ USAID មរតកបៃតង)
(រូបភាព៖ USAID មរតកបៃតង)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង