ភ្នំពេញ៖ ការវិនិយោគនៅកម្ពុជា គឺបានកើនឡើងស្ទើរគ្រប់វិស័យរួចទៅហើយ ជាមួយគ្នានេះវិស័យមិនមែនកាត់ដេរគឺមានកំណើនគួរឱ្យកត់សម្គាល់ដូចជាការដំឡើងរថយន្ត គ្រឿងបង្គុំអគ្គិសនី រោងចក្រឧស្សាហកម្មកែច្នៃផលិតផលកសិកម្មផ្សេងៗដូចជាកៅស៊ូកង់ឡានជាដើម។ នេះជាការលើកឡើងរបស់ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។
ឧកញ៉ា លឹម ហេង បានលើកឡើងថា បើតាមស្ថានភាពនៃការវិនិយោគនៅឆ្នាំ២០២៣នេះ សង្កេតឃើញថា ការចុះបញ្ជីរបស់ក្រុមហ៊ុនវិនិយោគនានាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាលចុះបញ្ជីបច្ចេកវិទ្យារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានការកើនឡើងគួរឱ្យកត់សម្គាល់។
អនុប្រធានសភាពាណិជ្ជកម្មរូបនេះបន្តថា កត្តាដែលធ្វើឱ្យមានកំណើនវិនិយោគរួមមាន៖ កត្តាស្ថិរភាព សុវត្ថិភាពនយោបាយ និងកំណើនសេដ្ឋកិច្ច និងការដាក់ឱ្យអនុវត្តច្បាប់វិនិយោគថ្មី, កត្តាទី២គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាសិប EBA និងផ្សេងៗទៀតដែលកាន់តែទាំក់វិនិយោគបរទេសបន្ថែមទៀត។
ប្រទេសដែលនាំមុខគេលើការវិនិយោគនៅកម្ពុជាគឺប្រទេសចិន បន្ទាប់មកគឺវិនិយោគិនក្នុងស្រុក ក្រៅពីនេះក៏មានជប៉ុន កូរ៉េ ថៃ សិង្ហបុរីជាដើម។ ការវិនិយោគនៅកម្ពុជាគឺបានកើនឡើងស្ទើរគ្រប់វិស័យរួចទៅហើយ ជាមួយគ្នានេះវិស័យមិនមែនកាត់ដេរគឺមានកំណើនគួរឱ្យកត់សម្គាល់ដូចជាការដំឡើងរថយន្ត គ្រឿងបង្គុំអគ្គិសនី រោងចក្រឧស្សាហកម្មកែច្នៃផលិតផលកសិកម្មផ្សេងៗដូចជាកៅស៊ូកង់ឡានជាដើម។
គួរបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅក្រៅប្រទេសបានជាង១១,៤ពាន់លានដុល្លារអាម៉េរិកកើនឡើង០.៧៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជាបាននាំចេញសម្លៀកបំពាក់ច្រើនជាងគេក្នុងទំហំទឹកប្រាក់ជាង៣,៦ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ១៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕