
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីត្រូវការបុគ្គលិកបម្រើការងារដំបូងចំនួន៣៥០នាក់ ហើយបច្ចុប្បន្ននេះបុគ្គលិកដែលបម្រើការនៅអាកាសយានដ្ឋានចាស់ បានប្តូរទៅធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីវិញបានចំនួន ២៦៥ នាក់ ខណៈមួយចំនួនទៀតកំពុងជជែកគ្នា។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ ការទទួលយកបុគ្គលិកពីព្រលានយន្តហោះចាស់ មកព្រលានយន្តហោះថ្មី ទៅតាមការស្ម័គ្រចិត្ដ កំពុងតែវិវត្តន៍ដោយរលូនប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ហើយក្រុមហ៊ុនប្រតិបត្ដិករអាកាសយានដ្ឋានថ្មីនេះ បាននិងទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមានបំណងមកបម្រើការងារនៅអាកាសយានដ្ឋានថ្មីនេះ។
ដោយអនុលោមទៅតាមក្រប ខណ្ឌគតិយុត្តិ និងគោលការណ៍ឈ្នះ-ឈ្នះ តួនាទី និងភារកិច្ច (អាជីព) របស់បុគ្គលិកដែលធ្លាប់បម្រើការងារ នៅអាកាសយានដ្ឋានចាស់នឹងត្រូវបានរក្សាដូចតួនាទីដដែល ធ្លាប់មានកន្លងមក ឬអាចទទួលបានប្រសើរជាងមុន (អាស្រ័យទៅលើការវាយតម្លៃ និងវាស់វែងសមត្ថភាពជាក់ស្តែង)។
ចំពោះអ្នកដែលមានបំណងផ្លាស់ប្ដូរអាជីពលោក ស៊ីន ចាន់សិរីវុត្ថា ពន្យល់ថា ត្រូវទទួលបានការអនុញ្ញាតផងដែរ បច្ចុប្បន្នក្រុមហ៊ុនប្រតិបត្តិករ បាននិងកំពុងជ្រើសរើសបុគ្គលិកខាងក្រៅបន្ថែមជាបណ្តើរៗ ធ្វើការបណ្ដុះបណ្ដាលជំនាញ ដើម្បីបំពេញបន្ថែមស្របតាមតម្រូវការ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ កក្កដានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបានចំនួនជាង ៩៨%ហើយ ដែលគ្រោងដាក់ឱ្យដំណើរការហោះហើរ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។កិច្ចការសម្របសម្រួល ក្នុងការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី កំពុងតែវិវត្តន៍ស្របទៅតាមលក្ខខណ្ឌ និង បែបបទបច្ចេកទេស ស្របទៅតាមតារាងកម្មវិធី និងពេលវេលាដូចដែលបានឯកភាព និងព្រាងទុក៕