Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រលានយន្តហោះ«សៀមរាបអង្គរថ្មី»គ្រោងដាក់ដំណើរការនៅខែតុលាខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ គិតត្រឹមថ្ងៃទី១៩ កក្កដានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានចំនួនជាង ៩៨%ហើយ ដែលគ្រោងដាក់ឱ្យដំណើរការហោះហើរ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថភាព ទទួលបានការចុះចតយន្តហោះរហូតដល់យន្តហោះធុនធំ ហើយនឹងជួយជំរុញកំណើនទេសចរណ៍នៅកម្ពុជាទាំងមូលផងដែរ។

អាកាសយានដ្ឋាននេះមានឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ជាអក្សរឡាតាំង «SIEM REAP ANGKOR INTERNATIONAL AIRPORT» និង មានឈ្មោះជាកូដអក្សរ VDSA (ICAO code) និង SAI (IATA code)។

ទម្រង់វិនិយោគ «សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» គឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី (greenfield) ទាំងស្រុងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា និង មានដីបម្រុងប្រមាណ ១ ០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/តំបន់ឧស្សាហកម្មរណបឱ្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/Airport City» នាពេលខាងមុខ។

ទុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនប្រមាណ ៨៨០លានដុល្លារ ត្រូវបានកំណត់នៅឆ្នាំ ២០១៩ ប៉ុន្តែតម្រូវការនៃទុនវិនិយោគនេះបានកើនឡើងរហូតដល់ ១ ១០០លានដុល្លារ នៅឆ្នាំ២០២២។

បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថភាព ទទួលបានការចុះចតយន្តហោះរហូតដល់យន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី មានចំណតយន្តហោះចំនួន៣៨ចំណត អាចទទួលអ្នកដំណើរបានពី ៧លាននាក់/ឆ្នាំ(២០២៣) ទៅ១០.៥លាននាក់/ឆ្នាំ (ឆ្នាំ២០៣០-២០៤០) ហើយអាចទទួលជើងហោះហើរបានពី ៥៨,០០០ជើង/ឆ្នាំ (២០២៣) ទៅ៨៦,០០០ជើង/ឆ្នាំ (២០៣០-២០៤០) និង អាចទទួលទំនិញតាមផ្លូវអាកាសពី ១០,០០០តោន/ឆ្នាំ (២០២៣) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។

បើតាមគម្រោង អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មីនេះ គ្រោងនឹងដាក់ឲ្យសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលចិន។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd (AIAI) ដោយមានភាគហ៊ុនពីក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុនវិនិយោគយូណាន ៧៦.៦% ក្រុមហ៊ុនសំណង់យូណាន ២០% និង ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន ៣.៤%៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង