Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសអាសិបសម្រេចបានជាង១៤.៨ពាន់លានដុល្លារក្នុងឆមាសទី១នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសអាសិប សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន១៤,៨១១ លានដុល្លារអាម៉េរិក ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ធ្លាក់ចុះ៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជាបាននាំចេញចេញទៅប្រទេសអាសិបក្នុងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ ខណៈការនាំចូលពីបណ្ដាប្រទេសអាសិបវិញស្ថិតក្នុងទំហំទឹកប្រាក់ជាង១០.៧ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ប្រទេសជាសមាជិកអាសិប(RCEP)ឬកិច្ចព្រមព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់មានចំនួន១៥ ដូចជាប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ សម្រេចបានជាង ៧ពាន់លានដុល្លារអាម៉េរិក ថយចុះជាង១៧.២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២.៤ពាន់លានដុល្លារ ខណៈកម្ពុជាបាននាំចូលទំនិញពីតំបន់អាស៊ានវិញក្នុងទំហំទឹកប្រាក់ជាង ៤.៦ពាន់លានដុល្លារអាម៉េរិក។

ដោយឡែក ទំហំពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន២៥៨លានដុល្លារ ធ្លាក់ចុះ០.០១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជាបាននាំចេញទៅអូស្រ្តាលីក្នុងទំហំទឹកប្រាក់១៨០លានដុល្លារ ធ្លាក់ចុះ០.៣៨% ខណៈការនាំចូលសម្រេចបានក្នុងទំហំទឹកប្រាក់៧៨លានដុល្លារ។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើង៣%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជាបាននាំចេញទៅចិនចំនួន៧១៣លានដុល្លារ កើនឡើង១៧% ខណៈការនាំចូលពីចិនវិញក្នុងទំហំ៥.៤ពាន់ដុល្លារ។

ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន៨៦០លានដុល្លារ ធ្លាក់ចុះ៨%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុនក្នុងទំហំទឹកប្រាក់៥៤៥លានដុល្លារ កើនឡើង១% ខណៈការនាំចូលពីជប៉ុនវិញក្នុងទឹកប្រាក់ចំនួន៣១៥លានដុល្លារ។

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំទឹកប្រាក់៣៧៦លានដុល្លារ ធ្លាក់ចុះ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េក្នុងទំហំទឹកប្រាក់១៤៣លានដុល្លារ កើនឡើង២៨% ខណៈការនាំចូលវិញក្នុងទឹកប្រាក់២៣៤លានដុល្លារ។

ទំហំពាណិជ្ជកម្មកម្ពុជា-នូវែលសេឡង់ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន២៣លានដុល្លារ កើនឡើង២៦%បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះកម្ពុជាបាននាំចេញទៅនូវែលសេឡង់ក្នុងទឹកប្រាក់ចំនួន៩លានដុល្លារ កើនឡើង១% ខណៈការនាំចូលមកវិញក្នុងទឹកប្រាក់១៤លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង