![](https://cdn.cc-times.com/kh.cc-times.com/media/34601/large/%E1%9E%98%E1%9F%92%E1%9E%9F%E1%9F%85%E1%9F%A2.jpg?1689667498)
ភ្នំពេញ៖ ក្រុមហ៊ុនផ្នែកកសិកម្មមួយរបស់សិង្ហបុរី ដែលកំពុងវិនិយោគដាំដុះ ដំឡូងមី និងកែច្នៃជាម្សៅសម្រាប់នាំចេញទៅក្រៅប្រទេស ប្រកាសស្វែងរកអ្នកចូលរួមដាំដំឡូងមីនៅលើដីរបស់ខ្លួនស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើតផលិតកម្មម្សៅមី បំពេញតម្រូវការទីផ្សាររបស់ខ្លួនដែលកំពុងមានកំណើនខ្ពស់។
ក្រុមហ៊ុន «HLH Agriculture» ដែលជាក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ដោយជនជាតិសិង្ហបុរី ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចជិត ១ម៉ឺន ហិកតា ពីរាជរដ្ឋាភិបាលនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពី ឆ្នាំ២០០៨។ ក្រុមហ៊ុនបានវិនិយោគដាំដុះដំឡើងមី និងកែច្នៃជាម្សៅសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
![](https://cdn.cc-times.com/kh.cc-times.com/media/34594/large/%E1%9E%98%E1%9F%92%E1%9E%9F%E1%9F%85%E1%9F%A4.jpg?1689667275)
កញ្ញា ឡុង តៃហ្វា អ្នកគ្រប់គ្រងផ្នែកដាំដុះ នៃក្រុមហ៊ុន HLH បានឱ្យដឹងថា ម្សៅដំឡូងមីរបស់ក្រុមហ៊ុនកំពុងមានទីផ្សារខ្ពស់បន្ទាប់ពីបានធ្វើអាជីវកម្មក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើតាមតៃហ្វា ទោះបីពិភពលោកជួបវិបត្តិនៃជំងឺកូវីដ១៩ ឬបញ្ហាសកលដទៃទៀត តែការបញ្ជាទិញម្សៅដំឡូងមីមិនមានធ្លាក់ចុះនោះទេ ហើយមានការកើនឡើងថែមទៀតផង។
កញ្ញា ឡុង តៃហ្វា បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានផ្គត់ផ្គង់ម្សៅដំឡូងមី ទៅកាន់ប្រទេសហូឡង់ អាមេរិក កូរ៉េ និងជប៉ុនជាដើម ក្នុងបរិមាណប្រមាណ ៣ពាន់ទៅ៥ពាន់តោនក្នុងមួយខែ។
ក្រៅតែពីការផ្គត់ផ្គង់ជាម្សៅដំឡូងមីហើយនោះ ក្រុមហ៊ុន HLH ក៏មានការផ្គង់ផ្គង់ដំឡូងក្រៀមទៅកាន់ប្រទេសចិនប្រមាណ ៥ពាន់ទៅ៧ពាន់តោនផងដែរ ។ ជាមួយគ្នានេះ ក្រុមហ៊ុនមកពីប្រទេសមានតម្រូវការរហូតដល់ទៅ ៣ម៉ឺនទៅ៥ម៉ឺនតោនក្នុងមួយខែ តែក្រុមហ៊ុនមិនទាន់មានលទ្ធភាពផ្គត់ផ្គង់នៅឡើយ។
![](https://cdn.cc-times.com/kh.cc-times.com/media/34596/large/%E1%9E%98%E1%9F%92%E1%9E%9F%E1%9F%85%E1%9F%A5.jpg?1689667300)
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលមានកំណើនខ្ពស់នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន HLH បានដាក់ចេញយុទ្ធសាស្ត្រថ្មីបង្កើនផលិតកម្មនៃការដាំដុះ ដោយបើកឱកាសឱ្យអ្នកមានលទ្ធភាពចូលរួមវិនិយោគដាំដុះដំឡូងមីនៅលើផ្ទៃដីដែលខ្លួនទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។
តាមរយៈយុទ្ធសាស្ត្រថ្មីនេះ គឺក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកមានធនធានអាចចូលទៅដាំដុះដំឡូងមីនៅលើផ្ទៃដីរបស់ខ្លួន ដោយក្រុមហ៊ុនផ្តល់នូវបច្ចេកទេសដាំដុះនិងពូជ ហើយពេលប្រមូលផល គឺក្រុមហ៊ុនជាអ្នកទទួលទិញ។
តាមរយៈយុទ្ធសាស្ត្រនេះ វាគឺជាឱកាសមួយសម្រាប់អ្នកចង់រកផលចំណេញពីការដាំដុះដំឡូងមី។ កញ្ញា ឡុង តៃហ្វា បានបញ្ជាក់ឱ្យដឹងថា ការចូលទៅដាំដុះនៅទីតាំងដីរបស់ក្រុមហ៊ុននេះ គឺក្រុមផ្តល់ដីផ្តល់ពូជ ផ្តល់ការប្រឹក្សាបច្ចេក ទេសដោយឥតគិតថ្លៃ ហើយពេលប្រមូលផល គឺមិនបារម្ភរឿងគ្មានកន្លែងលក់នោះឡើយ គឺក្រុមហ៊ុនធ្វើកិច្ចសន្យាប្រមូលទិញមើមដំឡូងទៅតាមតម្លៃទីផ្សារមួយសមរម្យនៅពេលចូលទៅដាំ។
![](https://cdn.cc-times.com/kh.cc-times.com/media/34598/large/%E1%9E%98%E1%9F%92%E1%9E%9F%E1%9F%85%E1%9F%A7.jpg?1689667359)
ក្រៅតែពីការធានាបាននៅទីផ្សារហើយនោះ ការដាំដុះដំឡូងនៅលើទីតាំងដី របស់ក្រុមហ៊ុននេះ គឺក្រុមហ៊ុនជួយរកគ្រឿងចក្រ រកកម្លាំងពលកម្មសម្រាប់ការដាំដុះ ការប្រមូលផលថែមទៀតផង បើសិនជាអ្នកចូលទៅតាមមិនមានគ្រឿងចក្រ ឬកម្លាំងពលកម្ម។ ប៉ុន្តែថ្លៃឈ្នួលលើគ្រឿងចក្រ ឬកម្លាំងពលកម្ម គឺអ្នកដាំជាអ្នកចំណាយ។
បច្ចុប្បន្នមានអ្នកចូលទៅដាំដុះនៅលើដីនេះបណ្តើរៗហើយ មានទាំងពលរដ្ឋខ្មែរ និងជនបរទេសផងដែរ។ លោក វ៉ូ ម៉ូ ជាជនជាតិខ្មែរ និងលោក ឡាស់ ស្មាន់ ជាជនជាតិស្រីលង្កា កំពុងតែដាំដុះដំឡូងមីនៅទីតាំងដីក្រុមហ៊ុនខាងលើនេះ។
ពួកលោកបានអះអាងថា ដីនៅទីតាំងខាងលើនេះមានអំណោយផលល្អសម្រាប់ដំឡូងមី ហើយការដាំដុះនៅទីតាំងនោះមានភាពងាយស្រួលច្រើនថែមទៀតផង។
![](https://cdn.cc-times.com/kh.cc-times.com/media/34600/large/%E1%9E%98%E1%9F%92%E1%9E%9F%E1%9F%85%E1%9F%A8.jpg?1689667420)
រឿងដែលនាំឱ្យលោក វ៉ូ ម៉ូ និងលោក ឡាស់ ស្មាន់ ចូលមកដាំដុះនៅទីតាំងខាងលើនេះ ដោយសារក្រុមហ៊ុនផ្តល់ដី ផ្តល់ពូជ ផ្តល់បច្ចេកទេសដោយឥត គិត ថ្លៃ។ រឿងដែលល្អបំផុតនោះ គឺក្រោយពេលប្រមូលផល គឺមិនបារម្ភ ឬ លំបាក រកទីផ្សារលក់មើមដំឡូងនោះឡើយ គឺដឹកចូលរោងចក្រកែច្នៃ របស់ ក្រុមហ៊ុននៅក្នុង ទីតាំងនោះតែម្តង។
លោក វ៉ូ ម៉ូ និងលោក ឡាស់ ស្មាន់ បានលើកទឹកចិត្តដល់អ្នកមានធនធាន អាចចូលរួមវិនិយោគដាំដំឡូងនៅទីតាំងដីរបស់ក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណេញ។
![](https://cdn.cc-times.com/kh.cc-times.com/media/34606/large/%E1%9E%98%E1%9F%92%E1%9E%9F%E1%9F%85%E1%9F%A9.jpg?1689669628)
សូមបញ្ជាក់ថា សម្រាប់ទីតាំងដីខាងលើនេះ ក្រុមហ៊ុន HLH ក៏បានប្រកាសស្វាគមន៍អ្នកស្រឡាញ់លើវិស័យកសិកម្ម អាចចូលរួមដាំដំណាំផ្សេងផ្សេងៗ ឬការចិញ្ចឹមសត្វផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្រុមហ៊ុន៖
098 297 999 Call, WhatsApp, Telegram (ENG, KH, CHN)
078 707 727 Call, WhatsApp, Telegram (ENG, KH)
ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ