Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជា-ហ្គាណា ស្វែងរកកិច្ចសហការលើវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នាពេលថ្មីៗនេះ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Florence Buerki Akonor ឯកអគ្គរដ្ឋទូតហ្គាណា ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ នៅទីស្តីការក្រសួងកសិកម្ម។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀងនៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសប្បាយរីករាយ ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្គាណា និងកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀង។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានលើកឡើងអំពីបទពិសោធរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ដំណាក់អសន្តិសុខស្បៀង អំឡុងឆ្នាំ១៩៩៣ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសនាំអង្ករចេញធំៗទាំង១០លើសាកលលោកនាពេលបច្ចុប្បន្ន។

លើសពីនេះទៀត លោក ឌិត ទីណា ក៏បានបញ្ជាក់អំពីគោលនយោបាយកសិកម្មកម្ពុជា ក្នុងការធ្វើសហប្រតិបត្តិការវិនិយោគក្រៅប្រទេស និងការចូលរួមធានានូវសន្តិសុខស្បៀងពិភពលោក ស្របតាមការណែនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូចជាកិច្ចសហការវិនិយោគនៅប្រទេសគុយបា និងកូឌវ័រ ដែលអ្នកវិនិយោគកម្ពុជាធ្វើការវិនិយោគផ្ទាល់ក្នុងប្រទេសទាំងនេះតែម្តងសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញអង្ករផងដែរ ដោយកម្ពុជាផ្តល់ទាំងពូជ និងបច្ចេកទេស។

យុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជា គឺមិនផ្តោតសំខាន់លើការបង្កើនបរិមាណនោះទេ តែយកចិត្តទុកដាក់ជាសំខាន់លើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងមានតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ចំណុចសំខាន់មួយទៀត គឺត្រូវពិចារណាលើការពិនិត្យលទ្ធភាពការនាំចេញស្រូវ និងការកែច្នៃជាអង្ករសម្រាប់នាំចេញ ដែលផ្តល់នូវអត្ថប្រយោជន៍ផ្សេងគ្នា។ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូរ គឺកម្ពុជាប្រកាន់ជំហរលើគោលការណ៍ស្មើភាពទាំងទុនវិនិយោគ និងផលប្រយោជន៍។

ដើម្បីឱ្យកិច្ចសហប្រតិបត្តិការប្រព្រឹត្តទៅរលូន និងជោគជ័យពិតប្រាកដ គឺទាមទារឱ្យមានសន្តិសុខ ស្ថិរភាព និងការសម្របសម្រួលទាំងទិដ្ឋភាពច្បាប់ នយោបាយ និងបច្ចេកទេស ហើយរវាងកម្ពុជា និងហ្គាណា គឺជាឱកាស និងមានសញ្ញាល្អ ដោយសារមានរបបគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពភូមិសាស្ត្រ អាកាសធាតុប្រហាក់ប្រហែលគ្នា ដែលអំណោយផលដល់ការធ្វើផលិតកម្មកសិកម្ម ពិសេសគោលដៅលើដំណាំស្រូវ។

ជាជំហានបន្ទាប់ គឺក្រុមការងារអាចចាប់ផ្តើមរៀបចំឱ្យមានកិច្ចប្រជុំបន្តតាម Zoom ដើម្បីស្វែងយល់ពីគ្នាបន្ថែមទៀត និងគិតគូរលើការរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់ MOU រវាងកម្ពុជា និងហ្គាណា ដោយផ្តោតទៅលើអ្វីដែលយើងចង់សម្រេចបាន ភាគីពាក់ព័ន្ធ និងសិក្សាឱ្យបានច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងបង្កលក្ខណៈងាយស្រួល និងឱ្យមានជំនឿទុកចិត្តពីវិស័យឯកជនលើស្ថិរភាព និងផលចំណេញ។ ទន្ទឹមនឹងនេះដែរ ត្រូវយកចិត្តទុកដាក់ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ ធាតុចូលសម្រាប់កសិកម្ម និងការចំណាយសម្រាប់ផលិតកម្មផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង