Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារជាតិជំរុញឱ្យពលរដ្ឋចាយ«ប្រាក់រៀល»ក្រោយបារម្ភលុយយ៉ន់ចិនវាយលុកទីផ្សារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី ជា សិរី​ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៅកម្ពុជា នៅថ្ងៃទី១៦ កក្កដាម្សិលមិញបានបំភ្លឺពាក់ព័ន្ធព័ត៌មានក្នុងបណ្តាញសង្គមបង្ហាញក្តីបារម្ភថា"លុយយ៉ន់ចិនមកចរាចរវាយលុកក្នុងទីផ្សារកម្ពុជា"។ជាក្តីបារម្ភក្រោយពីមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Union Pay របស់ចិន។សម្រាប់ធនាគារជាតិកម្ពុជា MOU នោះធ្វើឡើងក្នុងគោលដៅជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និង ប្រាក់យ័នរបស់ចិន ឱ្យមានលក្ខណៈកាន់តែទូលំទូលាយនៅក្នុងប្រទេសទាំងពីរ តាមរយៈប្រតិបត្តិការលើប្រព័ន្ធឌីជីថល(ស្កេនQR Code)។

តបនឹងក្តីបារម្ភរបស់ពលរដ្ឋមួយចំនួនលើបញ្ហាលុយយ៉ន់ចិន លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចេញមកបំភ្លឺដោយបានពន្យល់លម្អិតលើករណីនេ។សម្រាប់លោកជំទាវ អរគុណចំពោះការព្រួយបារម្ភនេះ និង សូមលើកទឹកចិត្តដល់ពលរដ្ឋបន្តលើកកម្ពស់«ប្រាក់រៀល»តាមរយៈការសន្សំ និង ទូទាត់ជាប្រាក់រៀល។

ទាក់ទងនឹងចរាចរលុយយ៉ន់ចិននៅកម្ពុជា លោកស្រី ជា សិរី ពន្យល់ថា ការចុះអនុស្សរណៈយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនចិន UnionPay International គឺកម្ពុជាមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយ៉ន់ចិនមកចាយនៅកម្ពុជាទេ។មិនបានដោយសារ កិច្ចសហការនោះ គឺគ្រាន់តែជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យ៉ន់របស់ចិន តាមរយៈប្រតិបត្តិការលើប្រព័ន្ធឌីជីថល(ស្កេនQR Code)ប៉ុណ្ណោះ។

បើតាមលោកស្រី ជា សិរី ធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។អនុស្សរណៈខាងលើ ធនាគារជាតិ ជំរុញឱ្យទេសចរចិនមកកម្ពុជាទូទាត់តាមទូរស័ព្ទប្រើ mobile app របស់ធនាគារតាមការស្កេន KHQR អ្នកលក់នៅស្រុកខ្មែរ។លោកស្រីពន្យល់ពីវិធីស្កេន ដោយការ scan នេះជនជាតិចិននៅកម្ពុជាបញ្ជាឱ្យធនាគារនៅចិនដកប្រាក់សន្សំរបស់គាត់សន្សំជាប្រាក់យ៉ន់ ឱ្យទូទាត់ឱ្យអ្នកលក់នៅស្រុកខ្មែរជាប្រាក់រៀល។ប៉ុន្តែប្រតិបត្តិការនេះធ្វើទៅបាន លុះត្រាតែអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។ដូច្នេះ អ្នកលក់ដែលមិនចង់ទទួលការទូទាត់ជាប្រាក់រៀល មិនអាចទទួលផលប្រយោជន៍ពីយន្តការនេះបានទេ។សម្រាប់លោកស្រី ជា សិរី ការណ៍នេះនឹងជំរុញឱ្យអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀល បើគាត់ចង់ទាក់ទាញទេសចរចិនចូលហាងគាត់។

ចំណែកឯទេសចរកម្ពុជាយើងទៅប្រទេសចិនវិញ លោកស្រីពន្យល់ថា អាចចាយដូចទេសចរចិនមកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខាងខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ៉ន់សិនមុនទូទាត់ឱ្យអ្នកលក់ស្រុកចិន។ ចំពោះប្រជាជនខ្មែរដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់មិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ យ៉ាងណាគាត់នៅតែអាចចាយជាក្រដាសប្រាក់ឬមធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។ហើយវានឹងជំរុញ ពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀល ដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណ:នេះ។

លោកស្រី ជា សិរី សង្កត់ធ្ងន់ថា វិធានការណ៍ខាងលើ គឺធ្វើឡើងដើម្បីលើកកម្ពស់«ប្រាក់រៀល» និង លើកកិត្យានុភាពប្រាក់រៀលនិង មុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង