
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានសម្រេចបានជាង ៧ពាន់លានដុល្លារអាម៉េរិក ថយចុះជាង១៧.២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២,៤ពាន់លានដុល្លារ ខណៈកម្ពុជាបាននាំចូលទំនិញពីតំបន់អាស៊ានវិញក្នុងទំហំទឹកប្រាក់ជាង ៤,៦ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានផ្តល់មកស៊ីស៊ីថាមស៍ដោយឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៦ខែ ឬឆមាសទី១ ឆ្នាំ២០២៣នេះ ប្រទេសវៀតណាមឈរនៅលំដាប់ទី១ ជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា បើធៀបនឹងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដែលការធ្វើពាណិជ្ជកម្មទ្វេភាគី(កម្ពុជា-វៀតណាម) សម្រេចបានក្នុងទំហំជាង ៣,៣ពាន់លានដុល្លារ។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ១,៤ពាន់លានដុល្លារ កើនឡើងជាង ២១.៦៧% ធៀបនឹងឆ្នាំ២០២២ ខណៈការនាំចូលពីវៀតណាមវិញ មានទំហំទឹកប្រាក់ ១,៨ពាន់លានដុល្លារ ថយចុះជិត ១០.២៥%។
ជាមួយគ្នានេះ ប្រទេសថៃ បានឈរនៅលំដាប់ទី២ ជាដៃគូពាណិជ្ជកម្មធំបំផុ របស់កម្ពុជាបន្ទាប់ពីប្រទេសវៀតណាម ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានក្នុងទំហំជាង ១,៩ពាន់លានដុល្លារ ថយចុះជាង ១៣.៩៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសថៃក្នុងទំហំទឹកប្រាក់ជាង ៥២៧លានដុល្លារ កើនឡើងជាង ៦.៤៨% ធៀបនឹងឆ្នាំ២០២២ ខណៈការនាំចូលរបស់កម្ពុជាពីថៃវិញក្នុងទំហំទឹកប្រាក់រហូតជិត ១,៤ពាន់លានដុល្លារ ថយចុះជាង ១៩.៦៣%។
ក្រៅពីនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀតមានតាមលំដាប់ដូចតទៅ៖ ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានក្នុងទំហំជាង៧៨៦លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានក្នុងទំហំជាង ៥៩៤លានដុល្លារ ,ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានក្នុងទំហំជាង ៣១៧លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ សម្រេចបានក្នុងទំហំជាង៩៣លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ហ្វីលីពីន សម្រេចបានក្នុងទំហំជាង ៤២លានដុល្លារ,ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា សម្រេចបានក្នុងទំហំជាង ១៤ លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ព្រុយណេ សម្រេចបានក្នុងទំហំជាង ១២លានដុល្លារ៕