ភ្នំពេញ៖ ធនាគារជាតិកម្ពុជា បានបន្តស្នើឱ្យសាធារណជនចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ព្រោះការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ បានបង្កផលវិបាកជាច្រើនដូចជា ការគំរាមកំហែង ការកេងចំណេញហួសហេតុ និងធ្វើឱ្យអ្នកខ្ចីធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការស្នើនេះត្រូវបានធ្វើឡើងខណៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួន៣រូប បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។
បើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាបានពន្យល់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ បានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គមតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិតដែលបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូល។
ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយផ្លូវច្បាប់។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានស្នើឱ្យសាធារណជនចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួន៣រូបបញ្ជូនទៅតុលាការ បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣ បានសារភាពថាខ្លួនបានបម្រើការ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នាយកដ្ឋានបានរកឃើញផងដែរថាក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ៕