
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ២៣,៦៩ ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ(ឆមាសទី១ឆ្នាំ២០២៣) ធ្លាក់ចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាបាននាំចេញទំនិញសរុបមានចំនួនប្រមាណ ១១,៤៦ ពាន់លានដុល្លារ កើនឡើង ០,៨% ខណៈការនាំចូលរបស់កម្ពុជាបានធ្លាក់ចុះ ២២,៩ ភាគរយមកនៅត្រឹម ១២,២២ ពាន់លានដុល្លារ។
របាយការណ៍បញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជា ដោយបាននាំចូលទំនិញប្រមាណ ៤.២៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៨.៩% បើធៀបនឹងឆ្នាំមុន នាំមុខវៀតណាមដែលនាំចូលទំនិញពីកម្ពុជាមានទំហំទឹកប្រាក់ ១.៤២ ពាន់លានដុល្លារ កើនឡើង ២១.៧%។ ក្រៅពីនេះ កម្ពុជាក៏មានដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត គឺប្រទេសថៃ ជប៉ុន សហភាពអឺរ៉ុប និងចិន។
ទំនិញសម្រាប់នាំចេញសំខាន់ៗរបស់កម្ពុជាមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង គ្រឿងចក្រ និងឧបករណ៍អគ្គិសនី កង់ ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ និងប្រដាប់ក្មេងលេង។ ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរគឺជាវិស័យរកប្រាក់ចំណូលពីបរទេសធំជាងគេសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១,៣០០ទីតាំង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ៨៤០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី៕