
ភ្នំពេញ៖ នៅក្នុងឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៣ ៩០១ ២១៣,៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស ដោយមានការថយចុះចំនួន -២២,៥២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ការនាំចេញកសិផលក្នុងឆមាសទី១នេះត្រូវបានប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់មានចំនួន ២ ៤០១ ៦៩២ ២៦៤,៨២ ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។
បើតាមរបាយការណ៍ ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេសក្នុងឆមាសទី១នេះ មានបរិមាណសរុប ៣ ៩០១ ២១៣,៧៧តោន (អង្ករចំនួន ៣២៩ ៦៣៣,០០តោន ស្រូវចំនួន ១ ២២៦ ៤០០,០០តោន និង កសិផលពីស្រូវ-អង្ករចំនួន ២ ៣៤៥ ១៨០,៧៧តោន) ទៅកាន់ទិសដៅ ៦៧ប្រទេស ដោយមានការថយចុះចំនួន -២២,៥២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។
របាយការណ៍បញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៤០១ ៦៩២ ២៦៤,៨២ដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១ ៨៣៦ ២១៥ដុល្លារអាម៉េរិក តម្លៃពីការនាំចេញស្រូវមានចំនួន ៤៤៧ ២០៧ ៧១៤ ដុល្លារអាម៉េរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៦៧២ ៦៤៨ ៣៣៥,៨២ដុល្លារអាម៉េរិក។
ការនាំចេញកសិផលក្នុងឆមាសទី១ឆ្នាំ២០២៣ មានការថយចុះចំនួន២២,៥២% ដោយសារ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម, កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្តាលឱ្យមានកំណើននៃការស្រូបយកផលិតផលស្រស់មកកែច្នៃ, ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និង បញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ, និង ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ តាមច្រករបៀងទៅកាន់ប្រទេសវៀតណាមនិងប្រទេសថៃ មួយចំនួន មិនមានការកត់ត្រា៕