កំពង់ឆ្នាំង៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៩ កក្ដដា បានជំរុញឲ្យមានការសាងសង់ហេដ្ឋារចនាសម្ព័នថ្មី ក្នុងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល នៅក្នុងខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង នៅខេត្តពោធិ៍សាត់ ដែលស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា « ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាកម្សាន្តកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃផងដែរ។
លោកបន្ថែមថា ការរៀបចំហេដ្ឋារចសម្ព័ន្នក្នុងសហគមន៍តំបន់ការពារធម្មជាតិ នេះជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
គួរបញ្ចាក់ថា ការជំរុញឲ្យមានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងភូមិក្តុល ភូមិដំណាក់អំពិល ភូមិអូរល្ពៅ និងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់៕