
ព្រះសីហនុ៖ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២៣នេះ។ កំពង់ផែនេះទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ ព្រមទាំងលើកម្ពស់វិស័យទេសចរណ៍ផ្លូវទឹកផងដែរ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។
បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ។ កំពង់ផែមួយនេះគឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងទៀតថា ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេស នានាទូទាំងសកលលោក។ កំពង់ផែទេសចរណ៍នេះគឺជាផ្នែកមួយដើតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ៕





