Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

លោក ប៊ិន រ៉ាត់ បង្កើតកម្មវិធី«ឆ្លើយសំណួរបានសៀវភៅ»ដើម្បីជំរុញការអាននៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោក ប៊ិន រ៉ាត់ ជាអ្នកនិពន្ធមួយរូប និងជាអ្នកបង្កើតកម្មវិធី «នាទីឆ្លើយសំណួរយកសៀវភៅ» ដើម្បីជួយដល់យុវជន ដែលគ្មានលទ្ធភាពក្នុងការទិញសៀវភៅ ក៏ជំរុញការអាននៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើង។ បើតាមគំរោង កម្មវិធីនាទីឆ្លើយសំណួរយកសៀវភៅ ផ្ដល់ជូនសៀវភៅចំនួន ១០០០ ក្បាល ដោយឥតគិតថ្លៃទៅសាធារណជន ក្នុងរយៈពេលមួយឆ្នាំ។

តាមរយៈការសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោក ប៊ិន រ៉ាត់ បានឲ្យដឹងថា កម្មវិធី «នាទីឆ្លើយសំណួរយកសៀវភៅ» បានចាប់ផ្ដើមប្រមាណជាជាង២ឆ្នាំមកហើយ។ លោកបានចាប់ផ្ដើមធ្វើកម្មវិធីនេះ តាំងពីបានដៃទទេ ពីសៀវភៅមួយឬពីរ ដែលលោកបានអានមកម្លេះ។ មកដល់ពេលនេះ សៀវភៅដែលបានផ្ដល់ឲ្យសាធារណជន គិតជាថវិកាប្រមាណជាង ៤០០០ដុល្លារអាម៉េរិក។ ប្រសិនបើលោក រងចាំរហូតដល់មានថវិកាគ្រប់គ្រាន់ ប្រហែលគ្មានកម្មវិធី «នាទីឆ្លើយសំណួរយកសៀវភៅ» ឡើយ។

ម្ចាស់កម្មវិធីរូបនេះ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នាទីឆ្លើយសំណួរយកសៀវភៅ ដំណើរការផ្សាយបានចំនួន ២៩៩ រាត្រីមកហើយ ជាមួយការផ្ដល់ជូនសៀវភៅពីគ្រប់គ្រឹះស្ថានបោះពុម្ពផ្សាយចំនួនប្រហែលជាង ៦០០ក្បាល និងសំណួរចំណេះដឹងទូទៅប្រហែលជាជាង៤០០សំណួរ ទៅនាក់អ្នកចូលរួមទាំងអស់ ។ កម្មវិធី «នាទីឆ្លើយសំណួរយកសៀវភៅ» ផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក «chhanrath Phumi-ភូមិ ឆាន់រ៉ាត់»។

លោក រ៉ាត់ បានបន្ដថា សំណួរចំណេះដឹងទូទៅ នៅក្នុងមួយរាត្រីមាន២សំណួរ អ្នកដែលឆ្លើយត្រូវមួយសំណួរទទួលបានសៀវភៅ១ក្បាល សម្រាប់អ្នកដែលឆ្លើយមិនត្រូវ នឹងទទួលបានចំណេះដឹង ត្រឡប់មកវិញ។ តាមរយៈកម្មវិធីនេះ ក៏នឹងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការអានសៀវភៅ ជាពិសេសយុវជន ដើម្បីឲ្យពួកគេយល់ពីតម្លៃនៃការអានសៀវភៅ។

លោក រ៉ាត់ បានបន្ដទៀតថា នាទីឆ្លើយសំណួរយកសៀវភៅ មានមហិច្ឆិតានៃការផ្ដល់ជូនសៀវភៅចំនួន ១០០០ ក្បាល ដោយឥតគិតថ្លៃទៅសាធារណជន ក្នុងរយៈពេល៣៦៥ថ្ងៃ។ អ្នកចូលរួម កម្មវិធី «នាទីឆ្លើយសំណួរយកសៀវភៅ» មិនត្រឹមតែទទួលបានសៀវភៅដោយឥតគិតថ្លៃ ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេថែមទាំងទទួលបានចំណេះដឹងទូទៅ តាមរយៈសំណួរចំណេះដឹងទូទៅ និង ការកែតម្រូវអក្ខរាវិរុទ្ធ ថែមទៀតផង។

គួរបញ្ជាក់ថា លោក ប៊ិន រ៉ាត់ ជាម្ចាស់ស្នាដៃសៀវភៅ អតីតកាលដ៏រីករាយ រឿងជីវិត ថ្ងៃរសៀល និង ផ្ដើមស្នេហ៍ក្រោមពន្លឺព្រះចន្ទលើខ្នងភ្នំ ខ្នងផ្សា។ លោកសរសេរសៀវភៅសម្រាប់ ក្រុមដែលមិនធ្លាប់ឣានសៀវភៅ ឬមិនចូលចិត្តអានសៀវភៅ និង ក្រុមដែលកំពុងមានបំណងបោះបង់ការសិក្សា។ សម្រាប់លោក ត្រឹមរយៈពេល ៥-១០ ឆ្នាំក្រោយ ប្រសិនបើមានមនុស្សណាម្នាក់ដើរមកជិត ហើយប្រាប់ថា «អរគុណបង ប្រសិនបើខ្ញុំមិនបានអានសៀវភៅរបស់បង ម្ល៉េះខ្ញុំឈប់រៀនបាត់ហើយ...។» ឬក៏ «អរគុណបង ប្រសិនបើខ្ញុំមិនបានអានសៀវភៅបង ម្ល៉េះខ្ញុំមិនចាប់ផ្ដើមអានសៀវភៅទេ...។» ប្រយោគទាំងអស់នេះជាក្ដីសុខរបស់លោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង