Cctimesw1140xh150cm copy

កម្ពុជាជាប់ចំណាត់ថ្នាក់«សន្តិភាព»លេខ១៣ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង ចំណាត់ថ្នាក់លេខ៧៣ ក្នុងចំណោម១៦៣ប្រទេសក្នុង​ពិភពលោកដែល​ជាប្រទេសដែល​មានសន្តិភាពល្អ។

របាយការណ៍សន្ទស្សន៍សន្តិភាពសកល (Global Peace Index) ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ៧៣ ក្នុងចំណោមប្រទេសចំនួន១៦៣ ប្រទេសជុំវិញពិភពលោកថយចុះឆ្នាំមុន១លេខ។ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៣ ។ ចំណែកឯ ប្រទេសដែលមានសន្ទស្សន៍សន្តិភាពល្អបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺ ប្រទេស New Zealand (នូវ៉េសេឡង់់)។ បើនិយាយពីប្រទេសដែលមានសន្តិភាពតិចជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺ ប្រទេសកូរ៉េខាងជើង។

ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនឹងការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងពិន្ទុរួមនៃសន្តិភាពរបស់ខ្លួន ដោយសារតែមាន ឧក្រិដ្ឋកម្ម អំពើហិង្សា និងការស្លាប់ដោយសារជម្លោះផ្ទៃក្នុង និងភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើងក្នុងប្រទេសមីយ៉ាន់ម៉ាបាននាំឱ្យប្រទេសនេះកាន់តែបាត់បង់សន្តិភាពជាងមុន។

តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់មួយដែលកំពុងតែមានសក្តានុពល តែទោះជាយ៉ាងណាក៏ដោយ តំបន់អាស៊ីប៉ាស៊ីហ្វិកបានហាក់ដូចជាមានភាពប្រសើរឡើងខាងសន្តិភាពបន្តិចបន្តួចបើប្រៀបធៀបជាមួយនឹងតំបន់ដទៃទៀតនៅក្នុងសន្ទស្សន៍សន្តិភាព ឆ្នាំ ២០២៣ ដោយមានការកែលម្អជាមធ្យម ០.៣២ ភាគរយ។ ការកើនឡើងនៃសន្តិភាពនេះត្រូវបានជំរុញដោយដែនសុវត្ថិភាព និងសន្តិសុខ និងផ្នែកយោធា ដែលត្រូវបានដឹកនាំដោយការធ្វើឱ្យប្រសើរឡើងនៃបាតុកម្មហិង្សា និងសូចនាករមូលនិធិរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ផងដែរថា រយៈពេល ១៥ ឆ្នាំចុងក្រោយនេះពិភពលោកមិនសូវមានសន្តិភាពដូចមុននោះទេ ដោយសារ ក្នុងចំណោម១៦៣ ប្រទេស ជាមធ្យមមានពិន្ទុនៃសន្តិភាពមានការធ្លាក់ចុះរហូតដល់ ៥ ភាគរយ ដែលក្នុងនោះមានប្រទេសដែលមានសន្តិភាពធ្លាក់ចុះមានរហូតដល់ ៩៥ ប្រទេស ខណៈ៦៦ប្រទេសផ្សេងទៀតមានការពង្រឹងសន្តិភាពជាងមុន ហើយមានត្រឹមតែ២ប្រទេសតែប៉ុណ្ណោះដែលរក្សាលំនឹងសន្តិភាពរបស់ខ្លួន។ ដោយយោងតាមរបាយការណ៍សន្តិភាពសកល ពីមួយឆ្នាំទៅមួយឆ្នាំ សន្តិភាពមានការធ្លាក់ចុះដោយសារតែមានជម្លោះខាងក្រៅដោយមានការប្រយុទ្ធ ការស្លាប់ដោយសារជម្លោះផ្ទៃក្នុង និងអស្ថិរភាពនៃនយោបាយ។

គួរបញ្ជាក់ថា សន្ទស្សន៍សន្តិភាពសកលវាស់កម្រិតសន្តិភាពអវិជ្ជមានរបស់ប្រទេសមួយ ដោយពឹងផ្អែកលើមូលដ្ឋានបីសំខាន់រួមមាន ជម្លោះក្នុងប្រទេសឬក្រៅប្រទេស, សុវត្ថិភាព និង សន្តិសុខសង្គម និង ការធ្វើយោធា។

គួរបញ្ជាក់ផងដែរថា សន្ទស្សន៍នៃសន្តិភាពត្រូវបានគណនាដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) ដែលត្រូវបានបង្កើតឡើងដំបូងឡើយដោយ Steve Killelea។ បច្ចុប្បន្ន IEP មានទីស្នាក់ការកណ្តាលនៅទីក្រុងស៊ីដនី ដែលមានការិយាល័យនៅ New York, Brussels, The Hague, Mexico City និង Harare ។ វិទ្យាស្ថាននេះកំពុងធ្វើការជាមួយដៃគូអន្តរជាតិជាច្រើន និងសហការជាមួយអង្គការអន្តរជាតិ រដ្ឋាភិបាល ដោយផ្តោតលើការវាស់វែង និងទំនាក់ទំនងតម្លៃសេដ្ឋកិច្ចនៃសន្តិភាព។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង