Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋបង្កើនប្រាក់ឧបត្ថម្ភជូន«ស្ត្រី»ជាមន្ត្រីរាជការ កម្មករនយោជិតអំឡុងមានផ្ទៃពោះដល់កូនអាយុ២ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រី, មន្ត្រីរាជការជាស្ត្រី និង ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត។

បើតាមសេចក្ដីប្រកាស រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូច តាមរយៈកម្មវិធីមួយចំនួនរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិជំនួយសង្គមដំបូងគេ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និង ការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។

កម្មវិធីទាំងនោះមានដូចជា៖ ដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេដងសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ, និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ២ឆ្នាំ ហើយចំពោះស្រី្តជាសមាជិក ប.ស.ស គឺមានការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និង ដំឡើងប្រាក់ឧបត្ថម្ភ ទ្វេដង សម្រាប់ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។

ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលកំណត់យក “មនុស្ស” ជាចម្បង់ និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង